ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប នៅព្រឹកថ្ងៃពុធ ១៥កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២២ ឯកឧត្តម ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាប បានដឹកនាំសម្របសម្រួល កិច្ចប្រជុំត្រួតពិនិត្យ តាមដានលទ្ធផលការអនុវត្តផែនការសកម្មភាពការងារឆមាសទី ១ និងលើកទិសដៅការងារឆមាសទី ២ ឆ្នាំ ២០២២ របស់អាជ្ញាធរទន្លេសាប។ កិច្ចប្រជុំនេះ មានការចូលរួមពី ឯកឧត្តមអនុប្រធាន ឯកឧត្តមអគ្គលេខាធិការរង ប្រធាន-អនុប្រធាននាយកដ្ឋាន ប្រធាន-អនុប្រធានការិយាល័យ និងមន្ត្រីរាជការអាជ្ញាធរទន្លេសាបចំនួន ៧២នាក់។
កិច្ចប្រជុំបានពិនិត្យ និងពិភាក្សាលើ ៖
១-ពិនិត្យមើលវឌ្ឍនភាពការងារ នៃការអនុវត្តសកម្មភាពនីមួយៗ ក្នុងឆមាសទី ១ ឆ្នាំ ២០២២។
២-ពិភាក្សាពីចំនុចខ្លាំង ចំនុចខ្សោយ ឧបសគ្គ/បញ្ហាប្រឈម និងដំណោះស្រាយ។
៣-ផ្លាស់ប្តូរបទពិសោធន៍ និងចែករំលែកការយល់ដឹងតាមរយៈការអនុវត្តសកម្មភាពការងារនីមួយៗ។
៤-លើកទិសដៅអនុវត្តការងារឆមាសទី ២ ឆ្នាំ ២០២២។