ឯកឧត្តម​សាស្ត្រាចារ្យ លឹម ពុ​យ ចុះ​ពិនិត្យ​ទិដ្ឋភាព​ជាក់ស្តែង​ស្ថានភាព​ស្ទឹង​ស្ទោង ព្រមទាំង​សិក្សា​តាមដាន​លើ​ធនធាន​ត្រី និង​សិប្បីសត្វ​តំបន់​បឹង​ទន្លេ​ឆ្មារ​

​ថ្ងៃ​ព្រហស្បតិ៍ ៤​រោច ដល់​ថ្ងៃអាទិត្យ ៧​រោច ខែ​ពិសាខ ឆ្នាំខាល ចត្វា​ស័ក ព​.​ស ២៥៦៦ ត្រូវ​នឹង​ថ្ងៃទី ១៩ ដល់​ថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២២ ឯកឧត្តម​សាស្ត្រាចារ្យ លឹម ពុ​យ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប ទទួលបន្ទុក​ការងារ​បច្ចេកទេស និង​សហការី សហការ​ជាមួយ​រដ្ឋបាល​ជលផល មន្ទីរ​បរិស្ថាន អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់ និង​កងកម្លាំង បាន​ចុះ​ពិនិត្យ​ទិដ្ឋភាព​ជាក់ស្តែង​លើ​ស្ថានភាព​ស្ទឹង​ស្ទោង ព្រមទាំង​សិក្សា​តាមដាន​លើ​ធនធាន​ត្រី និង​សិប្បីសត្វ​នៅ​តំបន់​បឹង​ទន្លេ​ឆ្មារ នៃ​ខេត្តកំពង់ធំ ។​

​ជា​លទ្ធផល​បឋម ៖

-  នៅ​ថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២២ កម្ពស់​ទឹក​នៅ​បឹង​ទន្លេសាប​នៅ​ស្ថានីយ​ជល​សាស្ត្រ​ស្វ័យប្រវត្តិ​កំពង់​លួង​មាន​ប្រមាណ 1.10 m ចំណែក​កម្ពស់​ទឹក​នៅ​បឹង​ទន្លេ​ឆ្មារ មាន​ជា​មធ្យម 1.20 m សីតុណ្ហភាព 31 oC និង Conductivity មាន 50 S/cm, pH មានតម្លៃ 7.1 និង​កម្រិត​អុកស៊ីសែន មាន​ចំនួន 5.2 mg/l ។​

-  ស្ថានភាព​ទឹកស្ទឹង​ស្ទោង ដែល​ចាប់ផ្តើម​មាន​ជំនន់​ដោយ​ទឹកភ្លៀង មាន​កម្ពស់​មធ្យម​ប្រមាណ 1.8 m ។​

-  ស្ថានភាព​លើ​ធនធាន​ត្រី​នៅ​ខែ ឧសភា ឆ្នាំ ២០២២ ក្រោយពី​បឹង​ទន្លេ​ឆ្មារ​នា​រដូវប្រាំង​ឆ្នាំ ២០២០ ដែលមាន​ជម្រៅ​ទឹកតែ​ប្រមាណ 0.20 m ហើយ​ធនធាន​ត្រី​មាន​ភាព​ខ្សត់ខ្សោយ​ជាទីបំផុត​នៅក្នុង​បឹង ក្រុមការងារ​បាន​ចុះ​ស្រង់​ប្រភេទ​ត្រី​ប្រមាណ 23 ប្រភេទ ក្នុងនោះ​ប្រភេទ​ត្រី​ដែលមាន​ភាពសម្បូរ​ច្រើនជាងគេ មាន ត្រី​កញ្ចុះ​, ត្រី​រៀល​តុ​ប​, ត្រី​ច្រកែង​, ត្រី​ឆ្ពិន​, ត្រី​ឆ្លាំង និង​ត្រី​កំភ្លាញ​ភ្លុក​។ ចំណែកឯ​ប្រភេទ​ត្រី​ដែលមាន​ទំហំ​លើសពី 2០ Cm មាន ត្រី​ឆ្កោក ត្រី​ស្លាត ត្រី​ឆ្ពិន ត្រី​ឆ្លាំង ត្រី​ប្រា ត្រី​អណ្តែង និង​ត្រី​រ៉ស់ ។​

-  ក្រុមការងារ​បាន​សិក្សា​តាមដាន​លើ​សិប្បីសត្វ​ជាពិសេស លៀស (Corbicula spp.) លើ​ការបន្ត​ពូជ និង​ការលូតលាស់ ។​

​ការសិក្សា​តាមដាន​លើ​ធនធាន​ត្រី សិប្បីសត្វ និង​គុណភាព​ទឹក​នៃ​បឹង​ទន្លេ​ឆ្មារ នឹង​បន្ត​រហូតដល់​ឆ្នាំ 2023 ។