កិច្ចប្រជុំ​គណៈកម្មការ​ពិគ្រោះ​យោបល់​លើ​ការអនុវត្ត​គម្រោងការ​គ្រប់គ្រង និង​ការប្រើប្រាស់​ទឹក របស់ ​ប្រជាជន​ក្នុង​សហគមន៍​ជុំវិញ​បឹង​ទន្លេសាបៈ​

​អាជ្ញាធរ​ទន្លេសាប បាន​សហការ​ជាមួយ​អង្គការ WorldFish បាន​បើក​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​មួយ​ស្តីពី​ការគ្រប់គ្រង និង​ប្រើប្រាស់​ទឹក​របស់​ប្រជាជន​ដែល​នៅក្នុង​សហគមន៍​ជុំវិញ​បឹង​ទន្លេសាប ក្រោម​អធិបតីភាព​ឯកឧត្តម​សាស្ត្រ​ចា​រ្យ លឹម ពុ​យ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​របស់​អាជ្ញាធ​រ​ទន្លេសាប  ក្រុមការងារ​គម្រោង​នៃ​អាជ្ញាធរ​ទន្លេសាប អង្គការ WorldFish ប្រចាំ​ប្រទេស​កម្ពុជា តំណាង​វិទ្យាស្ថាន​គ្រប់គ្រង​ទឹក​អន្តរជាតិ (IWMI) តំណាង​ក្រសួង​កិច្ចការនារី តំណាង​ក្រសួង​ធនធានទឹក និង​ឧតុនិយម  រដ្ឋបាល​ជលផល និង​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម ដែល​បាន​ប្រព្រឹត្តទៅ​នា​ព្រឹក​ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ​២០១៤ នៅ​ទីស្តីការក្រសួង​ធនធានទឹក និង​ឧតុនិយម ។    
​កិច្ចប្រជុំ​មាន​គោលបំណង​ចង់បង្ហាញ អំពី​វិធីសាស្ត្រ​នៃ​ការចុះ​ប្រមូល​ព័ត៌មាន និង​លទ្ធផល​នៃ​ការសិក្សា​ទៅលើ​ការប្រើប្រាស់​ទឹកជា​លក្ខណៈ​គ្រួសារ វិស័យ​កសិកម្ម ឧស្សាហកម្ម ប្រព័ន្ធ​ស្រោចស្រព ការនេសាទ វារីវប្បកម្ម និង​ការ​ចិញ្ចឹមសត្វ​ជាដើម ដែល​បានធ្វើ​ការសិក្សា​ទៅលើ​តំបន់​គោលដៅ​ចំនួន ១២ ភូមិ ក្នុង​ឃុំ​ទាំង ១២ នៃ​ស្រុក​ទាំង​៥ ក្នុង​ខេត្ត ៥ ជុំវិញ​បឹង​ទន្លេសាប  ដោយ​កំណត់​លក្ខណៈ​ជា​បី​ប្រភេទ​គឺ​៖ ភូមិ​លើគោក  ភូមិ​ពាក់កណ្តាល​គោក​ពាក់កណ្តាល​ទឹក និង​ភូមិ​លិច​ទឹក ។ ក្នុងនោះដែរ កិច្ចប្រជុំ ក៏បាន​ធ្វើការ​ពិភាក្សា​ទៅលើ​លទ្ធផល​នៃ​ការចុះ​សិក្សា​ស្រាវជ្រាវ ដើម្បី​កំណត់​នូវ​ចំណុច​អាទិភាព  បញ្ហា​ប្រឈម​ផ្សេងៗ ដែល​កើតមាន​នៅក្នុង​សហគមន៍ និង​កំណត់​យុទ្ធសាស្ត្រ​មួយចំនួន​សម្រាប់​ដោះស្រាយ (Innovative Strategies)​។​
​ជា​លទ្ធផល អង្គប្រជុំ បាន​ឯកភាព​រាល់​លទ្ធផល​នៃ​របកគំហើញ ដែល​បានមកពី​ការចុះ​សិក្សា​ស្រាវជ្រាវ និង​ប្រមូល​ព័ត៌មាន ដោយមាន​កិច្ចសហការ​យ៉ាង​ល្អ​រវាង​ក្រុមការងារ​មន្ត្រី​របស់​អា​ជ្ញា​ធរ​ទន្លេសាប និង​ក្រុម ការងារ​អង្គការ WorldFish ដើម្បី​យកទៅ​ប្រើប្រាស់​ក្នុងការ​រៀបចំ​នូវ​របា​យ​ការណ៍​លំអិត និង​ប្រើប្រាស់​ជា​មូលដ្ឋាន​ក្នុង​រៀបចំ​នូវ​ផែនការ និង​កម្មវិធី​/​គម្រោង ស្វែងរក​កិច្ចសហ ប្រតិបត្តិការ​ ពី​ភាគី​ពាក់ព័ន្ធ និង​ដៃគូរ​អភិវឌ្ឍន៍​នានា នៅក្នុង​ជំហាន​បន្ទាប់ ។