ឯកឧត្ដម ម៉ៅ ហាក់ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​ចុះ​ពិនិត្យ​សកម្មភាព​ការពារ​ច្រាំងទន្លេ​មេគង្គ​បន្ទាន់​

​នៅ​ថ្ងៃ​សុក្រ ៧​រោច ខែ​ក​ត្ដិក ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស​.២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២១ ឯកឧត្ដម ម៉ៅ ហាក់ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប និង​ក្រុមការងារ​នាយកដ្ឋាន​ជលសា​ស្ត្រ និង​ការងារ​ទន្លេ បាន​ចុះ​ពិនិត្យ​សកម្មភាព​ការពារ​ច្រាំងទន្លេ​មេគង្គ​បន្ទាន់  នៅ​ភូមិ​ពាម ឃុំរ​ការ​កោង​១ ស្រុក​មុខកំពូល ខេត្តកណ្តាល ដែល​រង​ការបាក់​ច្រាំងទន្លេ​ប្រវែង ៣៥​ម៉ែត្រ និង​បាក់​ចូលដល់​ផ្លូវ​លេខ 70A នៅវេលា​យប់​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២១ កន្លងមកនេះ ។ ចាប់​ថ្ងៃនោះ​មកដល់ពេលនេះ ក្រុមការងារ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រឹងប្រែង​យ៉ាងសកម្ម​ដើម្បី​ធ្វើការ​ទប់​ការពារ​ច្រាំងទន្លេ ដោយបាន​ចាក់​ខ្សាច់​បំពេញ​ជើងទេរ​ច្រាំង និង​រៀប​ដាក់​បាវ​ខ្សាច់ Geotextile Bags ដើម្បី​ពង្រឹង​ច្រាំងទន្លេ​ឡើងវិញ បាន​ប្រមាណ 30% ហើយ​។ 

​សូមបញ្ជាក់ថា ក្រសួង​ធនធានទឹក និង​ឧតុនិយម នឹង​រៀបចំ​ការពារ​ច្រាំងទន្លេ​ឲ្យ​រឹងមាំ​នៅ​តំបន់​នេះ​ប្រវែង ៨០០​ម៉ែត្រ ដែលមាន ២​ជំហាន (​ជំហាន​ទី​១ ប្រវែង ៤១០​ម៉ែត្រ និង​ជំហាន​ទី​២ ប្រវែង ៣៩០​ម៉ែត្រ​) ដោយ​រៀប​ដាក់​ប្រអប់​ថ្ម (Gabion Boxs) នៅ​រដូវប្រាំង​នេះ​ខាងមុខនេះ ៕​