ថ្ងៃចន្ទ ១១ កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសាលប្រជុំគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ឯកឧត្តមសាស្ត្រាចារ្យ លឹម ពុយ អនុប្រធានអាជ្ញាធរទន្លេសាប និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីផែនការសកម្មភាពឆ្នាំ២០២២ ដោយមានការចូលរួមពីឯឧត្តមអគ្គលេខាធិការ អគ្គលេខាធិការរង ទីប្រឹក្សា ប្រធាននាយកដ្ឋាន និងមន្ត្រីដែលពាក់ព័ន្ធសរុបចំនួន២៥រូប។
បន្ទាប់ពីកិច្ចប្រជុំបានពិនិត្យ និងពិភាក្សាលម្អិតតាមសកម្មភាពនីមួយៗលើសេចក្តីព្រាងតារាម៉ាទ្រិចផែនការសកម្មភាពការងារប្រចាំឆ្នាំ ២០២២ របស់អាជ្ញាធរទន្លេសាប (ពាក់ព័ន្ធការងារបច្ចេកទេស) ដោយសម្រេចរក្សាទុកសកម្មភាពស្រាវជ្រាវមួយចំនួនដែលចាំបាច់ និងសកម្មភាពមួយចំនួនជាសកម្មភាពថ្មីដើម្បីឆ្លើយតបនឹងចក្ខុវិស័យនៃផែនការយុទ្ធសាស្ត្រថ្មី និងស្របទៅនឹងបរិបទបច្ចុប្បន្ននៃការប្រែប្រួលយ៉ាងគំហុកនៃអេកូស៊ីសស្តែមតំបន់បឹងទន្លេសាប និងតំបន់ពាក់ព័ន្ធដោយសារកត្តាមនុស្ស និងកត្តាបម្រែបម្រួលអាកាសធាតុ។