ថ្ងៃចន្ទ ១២កើត ដល់ថ្ងៃសុក្រ ១ រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ១៨ ដល់ថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២១ លោក ណុំ សោភារិទ្ធិ អនុប្រធាននាយកដ្ឋាន និងក្រុមការងាររបស់នាយកដ្ឋានត្រួតពិនិត្យការធ្វើអាជីវកម្ម និងអភិរក្ស នៃអាជ្ញាធរទន្លេសាប បានបន្តចុះសិក្សាស្រាវជ្រាវលើស្ថានភាព ទូទៅនៃការប្រែប្រួលបរិស្ថាន និងធនធានជលផលតំបន់បឹងទន្លេឆ្មារឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។
គោលបំណងនៃការសិក្សា គឺស្វែងយល់ពីកត្តា អាកាសធាតុ និងបញ្ហាប្រឈមផ្សេងៗ ដែលនាំឲ្យមានការប្រែប្រួលបរិស្ថាន និងធនធានជលផលនៅតំបន់បឹងទន្លេឆ្មារ ព្រមទាំងពិចារណាលើវិធានការណ៍សមស្របណាមួយ ដើម្បីបន្សាំនឹងការប្រែប្រួលបរិស្ថាននេះ ។ ក្នុងពេលនោះដែរ ក្រុមការងារបានជួបពិភាក្សាជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីពិនិត្យលើការសង្កេត តាមដានរបបទឹក នៅប៉ុន្មានឆ្នាំក្រោយនេះ និងការប្រើប្រាស់ទឹកតាមដងស្ទឹងស្ទោង សម្រាប់ស្រោចស្រពលើដីកសិកម្ម គួបផ្សំនឹងព័ត៌មានលេីការធ្វើនេសាទ និងការប្រែប្រួលធនធានជលផលក្នុងតំបន់នោះ ។