កាលពីថ្ងៃទី ២៤-២៦ ខែកុម្ភៈ ឆ្នាំ២០១៤ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង នៃអាជ្ញាធរទន្លេសាប បានអញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពី កម្មវិធីនិរន្តភាពវារីអគ្គសនីរបស់គណៈកម្មការទន្លេមេគង្គ (Initiative for Sustainable Hydropower-ISH) ដែលរៀបចំឡើងដោយគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា នៅទីរួមខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម តែ ណាវុធ អគ្គលេខាធិការគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ។ កិច្ចប្រជុំពិភាក្សានេះ គឺផ្តោតលើចំនុចបីសំខាន់ៗ រួមមាន ៖
១. ការធ្វើឲ្យប្រសើរព័ត៌មានគោលផ្នែកបរិស្ថាន សេដ្ឋកិច្ច និងសង្គម សម្រាប់ការរៀបចំផែនការវារីអគ្គសនី
២. ការកំណត់អនុអាងដែលមានសារៈសំខាន់ផ្នែកអេកូឡូស៊ី ដើម្បីជួយដល់ការរៀបចំផែនការ និងការអភិវឌ្ឍ ប្រកបដោយនិរន្តរភាពផ្នែកវារីអគ្គសនីនៅលើដៃទន្លេ និង
៣. ការរៀបចំគោលការណ៍ណែនាំ ស្តីពីការវាយតម្លៃពហុបំណងនៃគម្រោងវារីអគ្គសនី កិច្ចប្រជុំពិភាក្សាបានលើក ឡើងផងដែរ អំពីសមាសភាគនានាដែលពាក់ព័ន្ធនឹងកម្មវិធីនិរន្តរភាពវារីអគ្គិសនី (ISH11) ដូចជា ប្រព័ន្ធអេកូឡូស៊ី គម្រោងនៃការសិក្សាអំពីសេដ្ឋកិច្ចសង្គម គុណភាពទឹក កំនកកករ របបជលសាស្ត្រ វិស័យជលផល និងការធ្វើឲ្យប្រសើរឡើងនូវព័ត៌មានដែលចាំបាច់មួយចំនួនទៀត សម្រាប់ការរៀបចំផែនការវារីអគ្គិសនីប្រកបដោយនិរន្តរភាព ដែលជាមូលដ្ឋានសំខាន់ក្នុងការប្រើប្រាស់ព័ត៌មានសម្រាប់រួមចំណែកក្នុងការកាត់បន្ថយផលប៉ះពាល់ផ្សេងៗ ដែលបណ្តាលមកពីគម្រោងអភិវឌ្ឍវារីអគ្គសនី នៅតាមដងទន្លេមេគង្គ និងអន្តរតំបន់។