កំពង់ចាម៖ ថ្ងៃព្រហស្បតិ៍ ១១កើត ដល់ថ្ងៃសុក្រ ១២កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ១៩ ដល់ថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២១ លោក វិន ប៊ុនពៅ ប្រធាននាយកដ្ឋានធនធានធម្មជាតិ នៃអាជ្ញាធរទន្លេសាបបានចូលរួមកិច្ចសន្ទនាកម្រិតបច្ចេកទេសរួមគ្នារវាងអាស៊ាន និងគណៈកម្មការទន្លេមេគង្គ (ASEAN-MRC) ស្តីពីសន្តិសុខទឹកលើកទី ១ នៅទីរួមខេត្តកំពង់ចាម តាមប្រព័ន្ធវីដេអូ ដែលសហការរៀបចំដោយលេខាធិការដ្ឋាន MRC និងលេខាធិការដ្ឋាន ASEAN និងមន្ត្រីប្រតិភូអន្តរក្រសួង-ស្ថាប័នមកពីក្រសួងធនធានទឹក និងឧតុនិយម ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងបរិស្ថាន ក្រសួងរ៉ែ និងថាមពល ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ក្រសួងសាធារណការ និងដឹកជញ្ជូន អាជ្ញាធរទន្លេសាប និងគណ:កម្មាធិការជាតិទន្លេមេគង្គកម្ពុជា ព្រមទាំងវិទ្យាស្ថាន និងអង្គការដៃគូផ្សេងៗ សរុបប្រមាណ ១២០ រូប ។ គោលបំណងនៃកិច្ចសន្ទនា ដើម្បីផ្តល់វេទិការពិភាក្សាចែករំលែកបទពិសោធន៍ និងរកដំណោះស្រាយរួមគ្នា លើការប្រឈមសន្តិសុខទឹកនៅក្នុងតំបន់អាស៊ាន រួមមាន៖ កង្វះទឹក គុណភាពទឹក និងគ្រោះហានិភ័យបណ្តាលមកពីការប្រែប្រួលអាកាសធាតុ និងការពិភាក្សារួមគ្នា ស្តីពីកិច្ចសហប្រតិបត្តិការ និងគាំទ្រលើសក្តានុពលរវាងអាស៊ាន និង MRC ក៏ដូចជាក្នុងចំណោមដៃគូផ្សេងៗ ដើម្បីសហការគ្នាលើកកម្ពស់ការគ្រប់គ្រង និងអភិបាលកិច្ចសន្តិសុខទឹកនៅក្នុងតំបន់អាស៊ាន។