ខេត្តកំពង់ធំ: ថ្ងៃពុធ ៥កើត ដល់ថ្ងៃសុក្រ ៧កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ លោក លឹម ហេង អនុប្រធាននាយកដ្ឋាននីតិកម្ម និងផ្សព្វផ្សាយ និងក្រុមការងារមន្ត្រីបច្ចេកទេស បានចុះអនុវត្តសកម្មភាពសិក្សាពីប្រសិទ្ធភាពការអនុវត្តច្បាប់ និងស្វែងយល់ពីយន្តការដោះស្រាយវិវាទលើការទាញយកផលប្រយោជន៍លើការប្រើប្រាស់ធនធានធម្មជាតិនៅតំបន់បឹងទន្លេសាប របស់សហគមន៍បឹងរំពេរ ស្ថិតក្នុងភូមិសាស្ត្រឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ។
ការសិក្សានេះ ដើម្បីស្វែយល់ពីប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងបញ្ហាប្រឈម ដែលធ្វើឲ្យមានការរាំងស្ទះដល់ដំណើរការការពារធនធានធម្មជាតិ និងការគ្រប់គ្រងក្នុងសហគមន៍ រួមទាំងវិធីសាស្ត្រគន្លឹះក្នុងការដោះស្រាយវិវាទនៅក្នុងសហគមន៍មូលដ្ឋាន ។
ក្រុមការងារបានធ្វើការប្រមូលទិន្នន័យ ព័ត៌មានពីអាជ្ញាធរមូលដ្ឋានឃុំតាំងក្រសាំង គណះកម្មការសហគមន៍ និងប្រជានេសាទ ។ ជាលទ្ធផលបឋមបានបង្ហាញឲ្យឃើថា:
- ប្រសិទ្ធភាពការអនុវត្តច្បាប់នៅមានកម្រិត ដោយអនុវត្តមិនទាន់បានល្អប្រសើរនៅឡើយលើការគ្រប់គ្រង ការពារ និងអភិរក្ស ធនធានជលផល និងធនធានធម្មជាតិ
- ការដោះស្រាយបញ្ហាបទល្មើសនេសាទកើតឡើងនៅក្នុងតំបន់ ភាគច្រើនមានលក្ខណៈក្រៅប្រព័ន្ធតុលាការ ដោយធ្វើការណែនាំ ការអប់រំ មួយដង ទៅ ពីរដង ក្នុងករណីពួកគេនៅតែបន្តប្រព្រឹត្តបទល្មើសទៀត និងធ្វើកាបញ្ជូនទៅសង្កាត់/ខណ្ឌជលផល ដើម្បីអនុវត្តន៍នីតិវិធីបន្ត ចំពោះប្រជាពលរដ្ឋនេសាទប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ នេសាទនៅក្នុងតំបន់អភិរក្ស និងនេសាទនៅរដូវហាមឃាត់ ជាដើម៕