ខេត្តពោធិ៍សាត់៖ ថ្ងៃសុក្រ ១៤កើត ដល់ថ្ងៃចន្ទ ២រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២៣ ដល់ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២១ ឯកឧត្តម ស៊ិន វិសិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរទន្លេសាប បានដឹកនាំក្រុមការងារបច្ចេកទេស ចុះតាមដានផលប៉ះពាល់ផ្ទាល់លើតំបន់ ៣ នៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។ ការចុះសិក្សានេះ ជាការធ្វើអធិការកិច្ច និងប្រមូលព័ត៌មានទិន្នន័យជាក់ស្តែង ដើម្បីធ្វើបច្ចុប្បន្នភាពអំពីផ្ទៃដីព្រៃលិចទឹកតំបន់ ៣ និងបង្គោលព្រំកំណត់តំបន់ ៣ សម្រាប់ការងារអភិរក្សព្រៃលិចទឹកនៅជុំវិញបឹងទន្លេសាប។ សម្រាប់ខេត្តពោធិ៍សាត់ មានផ្ទៃដីព្រៃលិចទឹកចំនួន ៩៤,០៤២ ហិកតា និងបង្គោលចំនួន ៧៦ បង្គោល (តាមអនុក្រឹត្យលេខ ១៩៧ ចុះថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០១១) ដោយឡែកបេសកកម្មនេះក្រុមការងារបានពិនិត្យដោយផ្ទាល់លើបង្គោលលេខ ១៩០, ១៩១, ១៩២, ១៩៤, ១៩៥, ១៩៦, ១៩៧, ១៩៨, ១៩៩, ១៨១, ១៨២, ១៨៥ និង ១៨៧ ។