ខេត្តកំពង់ធំៈ នាថ្ងៃព្រហស្បតិ៍ ១៣ កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២១ លោក យ៉ាន់ សំរិទ្ធ ប្រធាននាយកដ្ឋាន និងក្រុមការងារមន្ត្រីបច្ចេកទេស នៃនាយកដ្ឋាន នីតិកម្ម និងផ្សព្វផ្សាយ នៃអាជ្ញាធរទន្លេសាប បានបន្តចុះអនុវត្តន៍សកម្មភាពសិក្សាពីស្ថានភាពសេដ្ឋកិច្ចសង្គម លើការប្រើប្រាស់ធនធានធម្មជាតិនៅភូមិបណ្តែតទឹកបឹងទន្លេសាប ដំណាក់កាលទី ២ នៅក្នុងភូមិសាស្ត្រភូមិបាឡត និងភូមិពេជចក្រី ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។ ការអនុវត្តសកម្មភាពនេះ ដើម្បីធ្វេីបច្ចុប្បន្នភាពទិន្នន័យប្រជាសាស្ត្រ ទីតាំងតំបន់ភូមិបណ្តែតទឹក ចំនួនផ្ទះបណ្តែតទឹក ប្រភេទលំនៅឋានភូមិបណ្តែតទឹកក្នុងតំបន់គោលដៅសិក្សា និងបញ្ហាប្រឈមលើជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ។
ជាលទ្ធផល ក្រុមការងារបានយកចំណុចនិយាមការ តំបន់ដែលមានផ្ទះបណ្តែតទឹក ចំនួនខ្នងផ្ទះបណ្តែតទឹក ចំនួនបែរ និងស្ថិតិប្រជាសាស្ត្រតាមបណ្តាភូមិគោលដៅសិក្សា។ ជាមួយគ្នានេះបញ្ហាដែលប្រឈមនឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ទាំងពីរភូមិខាងលើជាភូមិឧបសម្ព័ន្ធ បាននិងកំពុងជួបការលំបាកស្វែងរកដៃគូអភិវឌ្ឍន៍ជួយគាំទ្រទាំងបច្ចេកទេស និងថវិកា (សាលារៀនបាក់បែក) និងកង្វះទឹកស្អាតប្រើប្រាស់នារដូវប្រាំង ស្របពេលដែលមុខរបរចម្បងប្រចាំថ្ងៃពឹងលើការនេសាទទាំងស្រុង តែផលចាប់ត្រីនិងការចិញ្ចឹមត្រីបន្តធ្លាក់ចុះ ។