ឯកឧត្តម ស៊ិន វិ​សិទ្ធ អគ្គលេខាធិការ ចុះ​ធ្វើការ​ប្រមូល​ព័ត៌មាន​ទិន្នន័យ​ជាក់ស្តែង ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​អំពី​ផ្ទៃដី​ព្រៃ​លិច​ទឹក​តំបន់ ៣

ខេត្តកំពង់ធំៈ នៅ​ថ្ងៃ សុក្រ ០៧​កើត ដល់​ថ្ងៃ ចន្ទ ១០​កើត ខែ​ទុតិយាសាឍ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស​.២៥៦៥ ត្រូវ​នឹង​ថ្ងៃទី ១៦ ដល់​ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២១ ឯកឧត្តម ស៊ិន វិ​សិទ្ធ អគ្គលេខាធិការ នៃ​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស ចុះ​តាមដាន​ផលប៉ះពាល់​ផ្ទាល់​លើ​តំបន់ ៣ នៅក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ធំ ។ ការចុះ​សិក្សា​នេះ ជាការ​ធ្វើ​អធិការកិច្ច និង​ប្រមូល​ព័ត៌មាន​ទិន្នន័យ​ជាក់ស្តែង ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​អំពី​ផ្ទៃដី​ព្រៃ​លិច​ទឹក​តំបន់ ៣ និង​បង្គោលព្រំ​កំណត់​តំបន់ ៣ សម្រាប់​ការងារ​អភិរក្ស​ព្រៃ​លិច​ទឹក​នៅ​ជុំវិញ​បឹង​ទន្លេសាប​។ សម្រាប់​ខេត្តកំពង់ធំ​មាន​ផ្ទៃ​ដីព្រៃ​លិច​ទឹក​ចំនួន ១៣២,០៨១ ហិកតា និង​បង្គោល​ចំនួន ១៣២ បង្គោល (​តាម​អនុក្រឹត្យ​លេខ ១៩៧ ចុះ​ថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០១១) ដោយឡែក​បេសកកម្ម​នេះ​ក្រុមការងារ​បាន​ពិនិត្យ​ដោយផ្ទាល់​លើ​បង្គោល​លេខ ៦៧៩, ៦៨០, ៦៨១, ៦៨២, ៧៦៤, ៧៦៥, ៧៦៦, ៧៦៧, ៧៩៦ និង ៧៩៧ ។​