ថ្ងៃពុធ ៥កើត ដល់ ថ្ងៃសៅរ៍ ៨កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ១៤ ដល់ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២១ លោក វិន ប៊ុនពៅ ប្រធាននាយកដ្ឋានធនធានធម្មជាតិ បានដឹកនាំក្រុមការងារមន្ត្រីបច្ចេកទេសចុះសិក្សាពីបច្ចុប្បន្នភាពធនធានជលផល (ត្រី និងក្រៅពីត្រី) និងការប្រើប្រាស់ធនធានជលផលក្នុងវារីវប្បកម្មនៅតំបន់ទីជម្រាលអាងទន្លេសាបនៅក្នុងខេត្តសៀមរាប និងបាត់ដំបង។
គោលបំណងសិក្សាមាន៖
១, ធ្វើបច្ចុប្បន្នភាពធនធានជលផលលើលក្ខណៈជីវសាស្ត្រ (ត្រី និងក្រៅពីត្រី) និងការវាយតម្លៃលើផលចាប់តាមប្រភេទឧបករណ៍នេសាទ
២, បន្ដពិនិត្យ និងវាយតម្លៃសមាសភាពប្រភេទធនធានជលផលសម្រាប់វារីវប្បកម្ម (ចំណីត្រី និងក្រពើ)
៣, បន្ដវាយតម្លៃលើសមាសភាពប្រភេទត្រី(ត្រីនុយ) ដែលអាចវិវត្តន៍ទៅជាប្រភេទត្រីធំ និងត្រីកម្រ
៤, បន្ដការតាមដាមលើការវិវដ្ដសន្ទស្សន៍របស់កន្សោមពងធនធានជលផលដើម្បីបន្ដស្វែងយល់ពីការបង្កកំណើត
៥, បច្ចុប្បន្នភាពលំនៅដ្ឋានធនធានជលផល(ត្រី) នៅក្នុងតំបន់ទីជម្រាលអាងទន្លេសាប (រដូវប្រាំង និងវស្សា)
៦, បច្ចុប្បន្នភាពផែនទីទីតាំងនេសាទធនធានជលផលទៅតាមប្រភេទលំនៅដ្ឋាន(ជម្រក) និង
៧, ចងក្រងសៀវភៅ និងរៀបចំរបាយការណ៍មឋម នៃប្រភេទធនធានត្រី និងក្រៅពីត្រីនៅក្នុងតំបន់ទីជម្រាលអាងទន្លេសាប ។
ជាលទ្ធផលសិក្សារួមមាន ៖
១, កំណត់បាននូវនិយាមកាតាមទីតាំងដាក់ឧបករណ៍នេសាទនីមួយៗ និងពិនិត្យស្ថានភាពទូទៅនៅតាមតំបន់សិក្សា
២, បានវាស់គុណភាពទឹកចំនួន ៦ទីតាំងដោយប្រើប្រាស់ឧបរករណ៍ BBE algae (វាស់ស្ទង់ស្លែ , កករ, កម្រិតល្អក់) និងពិលវាស់ជម្រៅទឹក
៣, បានធ្វើការវាស់/ថ្លឹង និងវះកាត់មើលកន្សោមពងរបស់ត្រីសរុបចំនួន ៦លំដាប់ ស្មើនឹង ២៣ប្រភេទ៕