ខេត្តពោធិ៍សាត់: ថ្ងៃចន្ទ ៣ កើត ដល់ថ្ងៃព្រហស្បតិ៍ ៦ កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ១២ ដល់ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២១ លោក យ៉ាន់ សំរិទ្ធ ប្រធាននាយកដ្ឋាននីតិកម្ម និងផ្សព្វផ្សាយ រួមនឹងក្រុមការងារមន្ត្រីបច្ចេកទេស បានបន្តចុះសិក្សាពីប្រសិទ្ធភាព នៃការចូលរួមពីសហគមន៍នេសាទក្នុងការអនុវត្តទៅលើការគ្រប់គ្រងធនធានធម្មជាតិ ជំហាន២ ជាមួយអាជ្ញាធរមូលដ្ឋាន និងសហគមន៍នេសាទបឹងអន្លង់ព្រីង ស្ថិតក្នុងភូមិសាស្ត្រ ឃុំអន្លង់វិល ស្រុកកណ្ដៀង និងសហគមន៍នេសាទកំពង់ប្រាក់ ស្ថិតក្នុងភូមិសាស្ត្រ ឃុំស្នាអន្សារ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ការសិក្សានេះ ដើម្បីស្វែងយល់ពីដំណើរការនៃការគ្រប់គ្រង ការពារ និងការអភិរក្ស បញ្ហាប្រឈមដែលកំពុងកើតមានឡើងក្នុងសហគមន៍ រួមទាំងយន្តការដោះស្រាយបញ្ហាប្រឈមនានា ក្នុងការការពារ អភិរក្សធនធានធម្មជាតិក្នុងដែនសហគមន៍នេសាទទាំងពីរប្រកបដោយនិរន្តរភាព។
ជាលទ្ធផលបឋម ភាពប្រឈមដែលបាននឹងកំពុងកើតមានឡើងក្នុងសហគមន៍នេសាទទាំងពីរ រួមមានៈ
- សហគមន៍ នេសាទទាំងពីរ មិនទាន់មានការរៀបចំបោះឆ្នោតជ្រើសរើសគណ:កម្មការសហគមន៍ថ្មី ស្របទៅតាមអណ្ណត្ដ (៥ឆ្នាំ) ដែលនាំឲ្យរចនាស័ម្ពន្ធដឹកនាំគ្រប់គ្រង មានលក្ខណៈធូររលុង
- កង្វះ ការគាំទ្រ បច្ចេកទេស និងធនធានថវិកា សម្រាប់កិច្ចដំណើរការ ការងារប្រចាំថ្ងៃក្នុងសហគមន៍ ដែលនាំឲ្យសមាជិកគណ:កម្មការសហគមន៍បាក់ទឹកចិត្ត និងងាកពីការងារស្ម័គ្រចិត្ត ទៅបំពេញតម្រូវការជីវភាពរបស់ខ្លួន
- ការអនុវត្ត ច្បាប់នៅថ្នាក់មូលដ្ឋាន នៅមានកម្រិត ដោយផ្អែកលើមនោសញ្ចេតនាយោគយល់ ព្រោះ កម្រិតជីវភាពប្រជាសហគមន៍នៅមានលក្ខណ:ខ្សត់ខ្សោយ។