ខេត្តកំពង់ធំៈ នាថ្ងៃពុធ ១៣ រោច ខែបឋមាសាឍ ដល់ថ្ងៃសៅរ៍ ១ កើត ខែទុតិយសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ០៧ ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ លោក យ៉ាន់ សំរិទ្ធ ប្រធាននាយកដ្ឋាន និងក្រុមការងារមន្ត្រីបច្ចេកទេស នៃនាយកដ្ឋាន នីតិកម្ម និងផ្សព្វផ្សាយ នៃអាជ្ញាធរទន្លេសាប បានចុះអនុវត្តសកម្មភាពសិក្សាពីស្ថានភាពសេដ្ឋកិច្ចសង្គម លើការប្រើប្រាស់ធនធានធម្មជាតិនៅភូមិបណ្តែតទឹកបឹងទន្លេសាប ដំណាក់កាលទី ២ នៅក្នុងភូមិសាស្ត្រភូមិពាមបាង និងភូមិដូនស្តើង នៃឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។
គោលបំណងនៃការអនុវត្តសកម្មភាពនេះគឺដើម្បីធ្វើបច្ចុប្បន្នភាពទិន្នន័យប្រជាសាស្ត្រ ទីតាំងតំបន់ភូមិបណ្តែតទឹក ចំនួនផ្ទះបណ្តែតទឹក ប្រភេទលំនៅឋានភូមិបណ្តែតទឹកក្នុងតំបន់គោលដៅសិក្សា និងបញ្ហាប្រឈមលើជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ។
ជាលទ្ធផលបឋម ក្រុមការងារបានយកចំណុចនិយាមកាបាន ០៤ ទីតាំង នៃភូមិពាមបាង ០២ ទីតាំង (ព្រែកពាមបាង និងព្រែកពន្លេចកង្កែប) និង ០២ ទីតាំង នៃភូមិដូនស្តើង (ទីតាំងក្នុងភូមិដូនស្តើង និងទីតាំងអន្លង់តាអោន) ។ ចំនុចខាងលើមានគ្រួសារសរុបចំនួន ៣៨៨ គ្រួសារ, មានផ្ទះស្មើនឹង ៣៦៨ ខ្នងផ្ទះ , មានបែរត្រីចំនួន ១៦៩ បែរ (បែរអត់ចិញ្ចឹមត្រី មានប្រមាណ ៤០%)។ ជីវភាពរស់ប្រចាំជាចម្បងពឹងផ្អែកលើការនេសាទប្រមាណជា ៩៨%។