រាជធានីភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ១២រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ ដោយទទួលបានការឯកភាពដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជា ប្រធានអាជ្ញាធរទន្លេសាប ឯកឧត្តម ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាប បានផ្តល់បទសម្ភាសន៍ដល់ទូរទស្សន៍បាយ័ន ស្តីពី សារៈសំខាន់របស់បឹងទន្លេសាប ក្រៅពីត្រី។ ក្នុងបទសម្ភាសន៍បានផ្តោតសំខាន់លើសំណួរដូចខាងក្រោម ៖
- ក្រៅពីត្រី តើបឹងទន្លេសាបមានធនធានកម្រអ្វីខ្លះ?
- ធនធានទាំងនោះ ផ្តល់អត្ថប្រយោជន៍អ្វីខ្លះ ដល់សេដ្ឋកិច្ចជាតិ, បរិស្ថាន, និងវិស័យនានា?
- តើល្បាប់ភក់នៅបាតបឹងទន្លេសាប មានសារៈប្រយោជន៍អ្វីខ្លះ?
- បឹងទន្លេសាបជាអតីតសមុទ្រទឹកប្រៃ តើបឹងនេះអាចមានធនធានរ៉ែប្រេងកាតដែររឺទេ?
- កត្តាអ្វី ដែលបឹងទន្លេសាប មានលក្ខណៈពិសេសជាងគេក្នុងលោក ដែលមានទឹកហូរចូល ហើយហូរត្រឡប់ចេញទៅវិញ?
ជាការឆ្លើយតប ដែលមានខ្លឹមសារសង្ខេប ដូចខាងក្រោម ៖
- ជារួមបឹងទន្លេសាប ជាសម្បត្តិធម្មជាតិមួយដ៏វិសេសវិសាល ជាបឹងទឹកសាបធម្មជាតិធំជាងគេនៅអាស៊ីអាគ្នេយ៍ ដែលអាចផ្គត់ផ្គង់ប្រូតេអ៊ីនដល់ប្រជាជនកម្ពុជាប្រមាណ ១៥លាននាក់ និងជាអាងស្តុកទឹកធម្មជាតិ ដែលសម្រួលដល់ការស្រូបយកទឹកពីទន្លេមេគង្គ និងដៃស្ទឹងសំខាន់ៗ នៅជុំវិញបឹង រហូតដល់ប្រមាណ ៤.៥០០ លានម៉ែត្រត្រីគុណ ជារៀងរាល់ឆ្នាំ ។
- ក្រៅពីត្រី បឹងទន្លេសាបមានធនធានធម្មជាតិ ដូចជាវារីជាតិ និងសិប្បីជាតិ ព្រមទាំងព្រៃលិចទឹក ដែលមានលក្ខណៈចម្រុះ ជាអេកូស៊ីស្តែមបឹងទន្លេសាប។
- ពពួកវារីសត្វមាន ០៦អម្បូរ ចែកជា ១១ប្រភេទ ពពួកសិប្បីសត្វ មាន ០៥អម្បូរ ចែកជា ១២ប្រភេទ។
- ប្រភេទព្រៃលិចទឹកទាំងអស់មានប្រមាណ ២០០ប្រភេទ ។ ដោយឡែកការសិក្សាស្រាវជ្រាវ ដោយអាជ្ញាធរទន្លេសាប នៅឆ្នាំ២០១០ រកឃើញ ១៥១ប្រភេទ និងនៅឆ្នាំ២០១៩ រកឃើញ ១៩៦ប្រភេទ ក្នុងនោះ ចែកជាពពួកដើមឈើ ពពួកព្រៃគម្ពោធ ពពួកវល្លិ៍ ពពួកវារីរុក្ខជាតិ និងពពួកស្មៅ ។
- បឹងទន្លេសាបបានផ្តល់ប្រយោជន៍ដល់សេដ្ឋកិច្ចគ្រួសារ ដែលរស់នៅក្នុងបឹង និងជុំវិញបឹងប្រមាណ ៥លាននាក់ ។
- បឹងទន្លេសាប ជាបឹងធម្មជាតិមួយ ដែលមានលក្ខណៈរក្សាអេកូស៊ីស្តែម និងរក្សាលំនឹងបរិស្ថានទឹក ។
- បឹងទន្លេសាបបម្រើឲ្យវិស័យជាច្រើន ដូចជា វិស័យធនធានទឹក វិស័យកសិកម្ម ការដាំដុះ វិស័យទេសចរណ៍ វិស័យបរិស្ថាន និងវិស័យដឹកជញ្ជូនជាដើម ។
- រីឯល្បាប់ភក់វិញ ជាប្រភពជីធម្មជាតិដ៏ល្អឥតខ្ចោះ ជាលំនៅដ្ឋានដល់វារីជាតិ សិប្បីសត្វ ព្រៃលិចទឹក ដែលជាការរក្សានូវអេកូស៊ីស្តែមបឹងធម្មជាតិនេះ ។
- ការវិវត្តនៃបឹងទន្លេសាប គឺកកើតឡើងប្រមាណ ១០.០០០ឆ្នាំមុន ដូចនេះ ការសិក្សា ឬក៏មតិដែលលើកឡើងថា មានរ៉ែប្រេងកាតនោះ អាជ្ញាធរទន្លេសាបមិនជំទាស់ទេ តែនេះជាការសិក្សាមួយ ដែលហួសពីដែនសមត្ថកិច្ច និងហួសពីសមត្ថភាព។
- របបទឹកហូរចូល និងហូរចេញ គឺជារបបជលសាស្ត្រ ដែលមានទំនាក់ទំនងគ្នារវាងទន្លេមេគង្គ និងទន្លេសាប ដែលផ្តល់នូវលក្ខណៈពិសេសគ្មានពីរ នូវផលប្រយោជន៍ ក្នុងលក្ខណៈធម្មជាតិ លើការគ្រប់គ្រងទឹកជំនន់ ការធ្វើនាវាចរ ការដាំដុះ ការនេសាទ និងរក្សានូវអេកូស៊ីស្តែមបឹង ។
ក្រៅពីសំណួរខាងលើ ឯកឧត្តម ម៉ៅ ហាក់ បានបញ្ជាក់ជូនបន្ថែមអំពី ៖
- ការព្រួយបារម្ភ អំពីទឹកទាបប៉ុន្មានឆ្នាំនេះ? គឺជាការប៉ះពាល់ពីទំនប់វារីអគ្គិសនីដែរឬទេ?
- ការសិក្សាឃើញថា កម្ពស់ទឹកបឹងនៅទសវត្សរ៍ចុងក្រោយមានសភាពទាបជាងមធ្យមច្រើនឆ្នាំមែន តែជាគោលការណ៍នៃការសាងសង់ទំនប់គឺ រក្សាទឹកទុក ដើម្បីប្រើប្រាស់នៅពេលខ្វះទឹក ដូចនេះ ពុំមានបាត់ទឹកទៅណាទេ មានដែរការបាត់បង់ទឹក នោះដោយរំហួតនៅផ្ទៃទឹកនៃអាងទឹកតែប៉ុណ្ណោះ ។
- ការប្រែប្រួលអាកាសធាតុ និងការប៉ះពាល់ដល់បឹងទន្លេសាបដែរឬទេ?
- ប្រាកដណាស់ ការប្រែប្រួលអាកាសធាតុនឹងប៉ះពាល់ភពផែនដីយើងទាំងមូល ជាពិសេសក្នុងពេលបច្ចុប្បន្ន បុព្វបទការកើនឡើងកំដៅភពផែនដី ជាប្រធានបទ ដែល
ប្រទេសឧស្សាហកម្មធំៗនៅលើពិភពលោកកំពុងបារម្ភ ដែលប្រទេសទាំងនោះបានបញ្ចេញឧស្ម័នពុលទៅបរិយាកាសដ៏ច្រើនលើសលុប ។ រីឯប្រទេសកម្ពុជាបច្ចុប្បន្ន គឺជាអ្នកលក់ឧស្ម័នកាបូនបានរាប់លានដុល្លារវិញនោះទេ ៕