នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២១ នៅសាលប្រជុំអគ្គលេខាធិការដ្ឋាន អាជ្ញាធរទន្លេសាប ឯកឧត្តម ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាប បានសម្រសម្រួលដឹកនាំកិច្ចប្រជុំស្តីពីការប្រកាសតួនាទី លោក ឡុក សីលា ជាប្រធាននាយកដ្ឋានស្តីទី នៃនាយកដ្ឋានរដ្ឋបាល ផែនការ និងសហប្រតិបត្តិការ ជំនួស លោក សំឯល ហាគីម ដែលមានបញ្ហាសុខភាព និងស្នើសុំចូលនិវត្តន៍ និងការងារប្រចាំថ្ងៃរបស់អគ្គលេខាធិការដ្ឋាន អាជ្ញាធរទន្លេសាមួយចំនួនផ្សេងទៀត។ កិច្ចប្រជុំ មានការអញ្ជើញចូលរួមដោយឯកឧត្តម អនុប្រធានអាជ្ញាធរទន្លេសាប ឯកឧត្តម អគ្គលេខាធិការ អគ្គលេខាធិការរង ជំនួយការឯកឧត្តមប្រធាន ទីប្រឹក្សា ប្រធាននាយកដ្ឋានក្រោមឱវាទទាំង៤ ។
ក្នុងឱកាសនេះនេះដែរ ឯកឧត្តម ប្រធានអង្គប្រជុំ បាននាំមតិផ្តាំផ្ញើដ៍ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប នូវការកោតសសើរដ៍ស្មោះចំពោះលោក សំឯល ហាគីម ដែលបានខិតខំប្រែងបំពេញការងារកន្លងមក និងសូមលោក ឡុក សីលា ដែលត្រូវបានទទួលតួនាទីថ្មី ត្រូវបន្តខិតខំប្រឹងប្រែងបំពេញការងារឲ្យបានល្អប្រសើរ ។ ដោយឡែក ចំពោះរាល់ការសម្រេចចិត្តចាត់ចែងការងារប្រចាំថ្ងៃទាំងអស់ រួមទាំងកិច្ចការរដ្ឋបាលទូទៅ ហិរញ្ញវត្ថុ ការគ្រប់គ្រងសម្ភារៈ ការគ្រប់គ្រង-ថែទាំយានយន្ត របស់ឯកឧត្តមអគ្គលេខាធិការសព្វថ្ងៃ ផ្ទេរជូនទៅ ឯកឧត្តម ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាបវិញ ដើម្បីធ្វើការងារសម្របសម្រួលដឹកនាំ សម្រេចការងារក្នុងស្ថាប័នជំនួសឯកឧត្តមប្រធាន អាជ្ញាធរទន្លេសាប ។