រាជធានីភ្នំពេញ៖ នៅបន្ទប់ពិសោធន៍អាជ្ញាធរទន្លេសាប នាថ្ងៃពុធ ១៤ រោច និងថ្ងៃព្រហស្បតិ៍ ១៥រោច ខែជេស្ឋ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៩ និងទី១០ ខែមិថុនា ឆ្នាំ ២០២១ ឯកឧត្តមសាស្ត្រចារ្យ លឹម ពុយ អនុប្រធានអាជ្ញាធរទន្លេសាប បានដឹកនាំក្រុមការងារបច្ចេកទេស នៃនាយកដ្ឋានធនធានធម្មជាតិ និងនាយកដ្ឋានត្រួតពិនិត្យការធ្វើអាជីវកម្ម និងអភិរក្ស ធ្វើការសិក្សា តាមដាន លើតំណាក់កាលដើមរដូវបន្តពូជ នៃប្រភេទត្រីមួយចំនួនដែលបានមកពីបឹងទន្លេសាបនៅតំបន់កោះក្អែក នៃខេត្តពោធិ៍សាត់ និងតំបន់ផាត់សណ្តាយ នៃខេត្តកំពង់ធំ ។ ជាលទ្ធផល ក្រុមការងារ បានពិនិត្យលើសំណាកត្រីចំនួន ៤៥៦ក្បាល ដែលមានប្រភេទត្រីសរុបចំនួន ៥៨ប្រភេទ។ ក្នុងចំណោមប្រភេទត្រី ៥៨ប្រភេទនេះ ក្រុមការងារ បានធ្វើការវាស់វែង និងពិនិត្យលើកន្សោមពងរបស់ត្រីចំនួន ៣១ប្រភេទដែលចាប់ផ្តើមធ្វើការបន្តពូជ។