កិច្ចប្រជុំ​ស្តីពី​លទ្ធផល​ដំបូង​នៃ​ការសាកល្បង​អនុវត្ត ការតាមដាន​បរិស្ថាន​រួម និង​សំណើ​កែសម្រួល​បណ្តាញ​ស្នូល​នៃ​ការត្រួតពិនិត្យ​តាមដាន​ទន្លេ​

​រាជធានី​ភ្នំពេញ​៖ ថ្ងៃ​ចន្ទ ១២​រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០២១  នៅ​សាល ប្រជុំ​គណៈកម្មការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា លោក ហេង សុវណ្ណារ៉ា ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​ការអភិរក្ស នៃ​អាជ្ញាធរ​ទន្លេសាប និង​លោក អ៊ូ ទូច អនុប្រធាន​ការិយាល័យ​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម​លើ​ធនធានធម្មជាតិ បាន​ចូល រួម​កិច្ចប្រជុំ​ក្រុម​ជំនាញការ​ផ្នែក​បរិស្ថាន​ថ្នាក់​តំបន់​តាម​ប្រព័ន្ធ​អន​ឡាញ (Zoom) ស្តីពី​លទ្ធផល​ដំបូង​នៃ​ការសាកល្បង​អនុវត្ត ការតាមដាន​បរិស្ថាន​រួម និង​សំណើ​កែសម្រួល​បណ្តាញ ស្នូល​នៃ​ការត្រួតពិនិត្យ​តាមដាន​ទន្លេ​។ កិច្ចប្រជុំ​ខាងលើនេះ  មានការ​ចូលរួម​ពី​ក្រុម​ជំនាញការ​របស់​គណៈកម្មកា​រ​ទន្លេមេគង្គ​ចំនួន ៨ នាក់ មន្ត្រី​គ្រប់គ្រង​ជាន់ខ្ពស់​តាម​វិស័យ​ពាក់ព័ន្ធ ចំនួន ៥ នាក់ ថ្នាក់ដឹកនាំ​ជាតិ​តាម​វិស័យ​ចំនួន ៥ នាក់ តំណាង​អ្នកធ្វើ​គម្រោង​វា​រី​អគ្គិសនី​ចំនួន ៦ នាក់ តំណាង បណ្តាញ​ឃ្លាំមើល​ទន្លេមេគង្គ​ក្នុង​អាង​ទន្លេមេគង្គ​ក្រោម ចំនួន ៨ នាក់ តំណាង​ក្រុម​ជំនាញការ GIZ ចំនួន ៣ នាក់ តំណាង​ជំនាញការ ICEM ចំនួន ៥ នាក់ តំណាង​ជំនាញការ CSU ចំនួន ២ នាក់ តំណាង AWP ចំនួន ១ នាក់ តំណាង DFAT ចំនួន ១ នាក់ តំណាង CNR ចំនួន ២ នាក់ និង​មាន​របៀបវារៈ​ដូចខាងក្រោម​៖
១. បង្ហាញ​លទ្ធផល និង​អនុសាសន៍​ដំបូង​ពី​គម្រោង​សាកល្បង​ការគ្រប់គ្រង​បរិស្ថាន​រួមគ្នា​
២. បង្ហាញ​វិធីសាស្ត្រ​ត្រួតពិនិត្យ​ការធ្វើ​ចរាចរណ៍​ត្រី និង​វិធីសាស្ត្រ​ដែល​ត្រូវធ្វើ​សាកល្បង​នៅ​ទំនប់​វា​រី​អគ្គិសនី​ដន​សា​ហុង​
៣. បង្ហាញ​ការយល់ដឹង​រួម​អំពី​ស្ថានភាព​បច្ចុប្បន្ន​នៃ​គម្រោង​សាកល្បង​គ្រប់គ្រង​បរិស្ថាន​រួមគ្នា​
៤. បង្ហាញ​ពី​ដំណើរការ និង​ពេលវេលា​នៅសល់​សម្រាប់​ការបញ្ចប់​គម្រោង​សាកល្បង​គ្រប់គ្រង​បរិស្ថាន​រួមគ្នា​
៥. ធ្វើការ​ពិភាក្សា និង​ឯកភាព​លើ​គំនិត និង​វិធីសាស្ត្រ​ដែល​បានស្នើ​ដើម្បី​ចាប់ផ្តើម​ដំណាក់កាល​ដំបូង​សម្រាប់​ការវាយតំ​លៃ និង​រៀបចំ​សារជាថ្មី​នៃ​បណ្តាញ​ឃ្លាំមើល​ទន្លេមេគង្គ​ក្នុង​អាង​ទន្លេមេគង្គ​ក្រោម​។​