នាថ្ងៃសៅរ៍ ៦កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ ឯឧត្តមសាស្ត្រាចារ្យ លឹម ពុយ អនុប្រធានអាជ្ញាធរទន្លេសាប បានដឹកនាំក្រុមការងាររបស់អគ្គលេខាធិការដ្ឋាន និងក្រុមការងារបច្ចេកទេសបានចុះពិនិត្យស្ថានភាពទូទៅតាមដងទន្លេសាបស្ថិតកុ្នងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល ចាប់ពីជួរឡូត៍ដាយលេខ ២ ស្ថិតនៅក្រោយស្ថានីយ៍ទូរទស្សន៍ CTN ខ័ណ្ឌឬស្សីកែវ រាជធានីភ្នំពេញរហូតដល់ ជួរឡូត៍ដាយលេខ ១៥ ស្ថិតនៅភូមិតាពៅ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល ។ ការចុះពិនិត្យស្ថានភាពទូទៅផលចាប់តាមឡូត៍ដាយនេះ មានគោលបំណង៖
១/ ពិនិត្យសកម្មភាពនេសាទក្នុងឡូត៍ដាយត្រី និងការនេសាទក្រៅពីឡូត៍ដាយត្រី
២/ តាមដានបរិមាណផលចាប់ ប្រភេទត្រី ការធ្វើចរាចរត្រី ភាពសម្បូរ និងតាមដានពិសេសលើប្រភេទត្រីកម្រ
៣/ ផ្តល់ការណែនាំបន្ថែមដល់ក្រុមការងារដែលកំពុងប្រចាំការតាមមាត់ដាយត្រីនីមួយៗ
៤/ ការប្រើប្រាស់សៀវភៅរូបភាពត្រីឡូត៍ដាយដែលផលិតដោយអាជ្ញាធរទន្លេសាប
៥/ រំលឹកដល់ម្ចាស់មាត់ដាយត្រីឲ្យប្រលែងវិញនូវប្រភេទត្រីកម្រ និងពពួកត្រីជិតផុតពូជពេលចាប់បាន និងកុំឲ្យបោះសំរាមចូលក្នុងទឹកទន្លេវិញ។