នាថ្ងៃចន្ទ ១១កើត ដល់ថ្ងៃ ព្រហស្បតិ៍ ១៤ កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ដល់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ ក្រុមការងារបច្ចេកទេសដឹកនាំដោយលោកសាស្ត្រាចារ្យ លឹម ពុយ អនុប្រធានអាជ្ញាធរទន្លេសាប ទទួលបន្ទុកការងារបច្ចេកទេស បានចុះពិនិត្យទិដ្ឋភាពជាក់ស្តែងនៅតំបន់បឹងទន្លេសាបមុនរដូវបើកនេសាទ ក្នុងពេលដែលរបបជលសាស្ត្របឹងទន្លេសាបមានកម្រិតកម្ពស់ទឹកតែ ៣,៥៥ ម៉ែត្រ (បើប្រៀបធៀបទៅនឹងឆ្នាំ២០១៩ ក្នុងរយ:ពេលដូចគា្នកម្ពស់ទឹកបឹងទន្លេសាបមានរហូតដល់ ៦ ម៉ែត្រ) ។
ការចុះពិនិត្យនេះមានគោលបំណងដូចខាងក្រោម៖
១/ ពិនិត្យស្ថានភាពទូទៅលើប្រភេទកូនត្រីដែលទើបនឹងបង្កកំណើត
២/ តាមដានលើប្រភេទកូនត្រីដែលធ្វើការលូតលាស់តាមលំនៅដ្ឋានដូចជា ព្រៃគុម្ពោត ព្រៃលិចទឹក និងវាលស្មៅលិចទឹក.
៣/ តាមដានលើផលចាប់ធនធានជលផលនៅតាមបណ្តាទីតាំងផែឡើងត្រីសំខាន់ៗ
៤/ តាមដានគុណភាពទឹកនៅលើ ១៣ ទីតាំង នៅក្នុងបឹងទន្លេសាប និងស្ថានភាពរបបជលសាស្ត្រនៃស្ទឹងសំខាន់ៗមួយចំនួនជុំវិញបឹងទន្លេសាបដូចជា ស្ទឹងពោធិ៍សាត់, ស្ទឹងសង្កែ និងស្ទឹងសែន ។