ក្រុមការងារមន្ត្រីបច្ចេកទេសរបស់អាជ្ញាធរទន្លេសាប ដឹកនាំដោយ លោក វិន ប៊ុនពៅ អនុប្រធានក្តាប់រួម នៃនាយកដ្ឋានធនធានធម្មជាតិ បានចុះធ្វើការសិក្សាស្រាវជ្រាវ និងប្រមូលព័ត៌មាន អំពីការប្រើប្រាស់ទឹកសម្រាប់ បម្រើដល់ការស្រោចស្រពដំណាំកសិកម្ម ជាពិសេស ស្រូវប្រដេញទឹក ឬស្រូវស្រែប្រាំង និងស្ថានភាពទូទៅនៃសេដ្ឋកិច្ចគ្រួសាររបស់កសិករ ដែលប្រកបរបរកសិកម្មជាមួយនឹងស្រូវប្រាំង និងដំណាំរួមផ្សំមួយចំនួនទៀត នៅឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០១៤ ។
ជាក់ស្តែង ក្រុមការងារ បានចុះធ្វើអង្កេត និងស្រង់ទិន្នន័យអំពីចំនួនម៉ាស៊ីនបូមទឹក ដែលបាន និងកំពុងតែធ្វើ សកម្មភាពទាញយកទឹកពីប្រភពទឹកស្ទឹងសែន ដើម្បីស្រោចស្រពដីស្រែប្រដេញទឹកជាលក្ខណៈគ្រួសារ និង ជាលក្ខណៈឧស្សាហកម្ម និងបានធ្វើសម្ភាសន៍ផ្ទាល់ជាមួយនឹងប្រជាកសិករ ដែលមានដីស្រែប្រដេញទឹក និង លក្ខណៈបច្ចេកទេសនៃការដាំដុះក្នុងការធ្វើស្រែប្រដេញទឹក ព្រមជាមួយនឹងការប្រមូលផល ។