​សិក្ខាសាលា​ស្តីពី​ការផ្សព្វផ្សាយ​របាយការណ៍​បញ្ចប់​នៃ​ការសិក្សា​ស្វែងយល់​អំពី​អនាគត​ទន្លេសាប​

កាលពី​ថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ​២០១៤  អាជ្ញាធរ​ទន្លេសាប បានរៀបចំ​សិក្ខាសាលា​មួយ​ស្តីពី ”​ការផ្សព្វផ្សាយ​របាយការណ៍​បញ្ចប់​នៃ​ការសិក្សា​ស្វែងយល់​អំពី​អនាគត​ទន្លេសាប ” និង “ ផែនការ​សម្មភាព​ការងារ អគ្គលេខាធិការដ្ឋាន នៃ​អាជ្ញាធរ ទន្លេសាប ២០១៤-២០១៦ “ ក្រោម​អធិបតីភាព​ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ តំណាង​ដ៍​ខ្ពង់​ខ្ពង់​បំផុត​របស់​ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប ដែល​បាន​ប្រព្រឹត្តទៅ​នៅ​ទីស្តីការក្រសួង​ធនធានទឹក និង​ឧតុនិយម (​ក្បាលថ្នល់​) ក្រោម​ការឧបត្ថម្ភ​ថវិកា​ដោយ CPWF-Mekong Basin Development Challenge ។   សមាភាព​អញ្ជើញ​ចូលរួម​ក្នុង​សិក្ខាសាលា មកពី​ក្រសួង ស្ថាប័ន វិទ្យាស្ថាន​សិក្សា​ស្រាវជ្រាវ សង្គម​ស៊ីវិល មន្ត្រី​សាលាខេត្ត​ទាំង ៨ ជុំវិញ​បឹង​ទន្លេសាប តំណាង​ទីប្រឹក្សាបច្ចេកទេស​គម្រោង ADB និង UNESCO សរុប ចំនួន ៧៥ នាក់​។     ​
​ឯកសារ​របាយការណ៍​បញ្ចប់​នៃ​ការសិក្សា​ស្វែងយល់​អំពី​អនាគត​ទន្លេសាប​នេះ ជា​សមិទ្ធផល​ចុងក្រោយ​នៃ​ដំណើរការ​អនុវត្ត​គម្រោង ” ការសិក្សា​ស្រាវជ្រាវ​ពី​អនាគត​ទន្លេមេគង្គ ” ដែល​បានធ្វើ​ការសិក្សា​ចាប់តាំងពី​ឆ្នាំ ២០១០ ក្រោម​ការឧបត្ថម្ភ​មូលនិធិ​ដោយ AusAID និង CSIRO ក្នុង​ភាពជា​ដៃគូ​ជាមួយនឹង Alto University និង មាន​កិច្ចសហការ​ជាមួយនឹង​ដៃគូ​សំខាន់ៗ​របស់​រាជរដ្ឋាភិបាល រួមមាន ៖ អាជ្ញាធរ​ទន្លេសាប Tonle Sap Authority ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ Supreme National Economic Council និង វិទ្យាស្ថាន​បច្ចេកវិទ្យា​ក​ម្ពុ​ជា Institute of Technology of Cambodia​។​
​ជាក់ស្តែង របាយការណ៍​បញ្ចប់​នៃ​ការសិក្សា​ស្រាវជ្រាវ​ស្វែងយល់​អំពី​អនាគត​ទន្លេសាប គឺជា​តំបន់​សិក្សា​ស្រាវជ្រាវ​មួយ​ក្នុងចំណោម​តំបន់​ទាំង ៥ ដែល​បានជ្រើសរើស ធ្វើជា​ករណី​សិក្សា​ស្រាវជ្រាវ​របស់​គម្រោង សិក្សា​ស្រាវជ្រាវ​ស្វែងយល់​ពី​អនាគត​តំបន់​ទន្លេមេគង្គ រួមមាន ៖ Yunnan (China), Nam Ngum (Lao, PDR), Noteast Thailand, Mekong Delta ( Viet Nam) និង Tonle Sap (Cambodia) ។ ការសិក្សា​ស្រាវជ្រាវ​នេះ បាន​ផ្តោត​សំខាន់​ទៅលើ​អន្តរ​សេវាកម្ម​រវាង​ធនធានទឹក និង​ការ​ទ្រង់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ រួម​នឹង​ការវិភាគ​លើ​ផលប៉ះពាល់​ពី​ការផលិត​ថាមពលអគ្គីសនី (​វា​រី​អគ្គីសនី​) និង​បម្រែបម្រួល​អាកាសធាតុ ។
​សិក្ខាសាលា ស្តីពី ការផ្សព្វផ្សាយ​នេះ គឺ​ក្នុង​គោលបំណង ៖​    
​ទី​១. ពង្រឹង និង​លើកកម្ពស់​ការយល់ដឹង​ដល់​អ្នកពាក់ព័ន្ធ អំពី​ស្ថានភាព​របស់​ទន្លេសាប​នាបច្ចុប្បន្ន និង​ពេលអនាគត តាមរយៈ​នៃ​លទ្ធផល​ដែល​បានមកពី​ការសិក្សា​ស្រាវជ្រាវ ដើម្បី​ចូលរួម​ការពារ​ធនធាន​ធម្មជាតិ និង​ជីវចម្រុះ​បឹង​ទន្លេសាប​
​ទី​២. ប្រមូល និង​ចងក្រង​រាល់​មតិយោបល់​ពី​អ្នកពាក់ព័ន្ធ សម្រាប់​កែលម្អ និង​បច្ចុប្បន្នភាព​របាយការណ៍​លទ្ធផល​សិក្សា​ស្រាវជ្រាវ​ឲ្យ​កាន់តែ​មាន​ភាព​សុ​ក្រឹត្យ និង​ជាពិសេស​សម្រាប់​រាល់​គម្រោង​សិក្សា​លើក​ក្រោយៗ​ទៀត​
​ទី​៣. ផ្សព្វផ្សាយ​ពី​ផែនការ​សកម្មភាព​ការងារ របស់​អគ្គលេខាធិការ​ដ្ឋា​ន​នៃ​អាជ្ញាធរ​ទន្លេសាប ក្នុងការ​ស្វែងរក​កិច្ចសហប្រតិបត្តិការ​ទាំ​ង​ជំនួយ​បច្ចេកទេស និង​ថវិកា​ពី​ក្រសួង ស្ថាប័ន វិទ្យាស្ថាន​ស្រាវជ្រាវ អង្គការ​មិនមែន​រដ្ឋាភិបាល និង​ដៃគូ​អភិវឌ្ឍន៍​នានា​។