ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន អ​ទស សម្របសម្រួល​ដឹកនាំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​លើ​ទស្សនទាន​នៃ​ដំណើរការ​រៀបចំ​ផែនការ​ប្រតិបត្តិ​ប្រាស្រ័យ​ទាក់ទង ២០២១-២០២៣

រាជធានី​ភ្នំពេញៈ ក្នុង​ស្មារតី​យកចិត្តទុកដាក់​បន្ត​ពង្រឹង​ការងារ​ទទួលខុសត្រូវ​របស់​អាជ្ញាធរ​ទន្លេសាប ឲ្យ​បាន​កាន់​តែមាន​ប្រសិទ្ធភាព ក្នុងដំណាក់កាល​បដិវត្ត​ឧស្សាហកម្ម 4.0 អាស្រ័យ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន ឌីជីថល (Digital Information Technology System) រួមជាមួយ​ការគាំទ្រ​ដល់​ដំណើរការ​បច្ចុប្បន្នភាព​នៃ​ការកសាង​និង​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ ៥ ឆ្នាំ ២០២១-២០២៥ ឲ្យ​ទទួលបាន​ជោគជ័យ ។ នា​ព្រឹក​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ ២០២០ នៅ​អគ្គលេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ទន្លេសាប បានរៀបចំ​ប្រជុំ​ពិគ្រោះ​យោបល់​លើ​គំនិត​ផ្តួចផ្តើម​ទស្សនទាន​នៃ​ដំណើរ​ការរៀបចំ​ផែនការ​ប្រតិបត្តិ​ប្រាស្រ័យ​ទាក់ទង ២០២១-២០២៣ ក្រោម​ការដឹកនាំ​សម្របសម្រួល​ដោយ ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​អាជ្ញាធរ​ទន្លេសាប ទទួល​ជួយ​លើ​ការងារ​ផែនការ និង​គោលនយោបាយ តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា ប្រធាន​អាជ្ញាធរ​ទន្លេសាប ដោយមាន​ក​ចូលរួម​ពី​ឯកឧត្តម អស់លោក​-​លោកស្រី ដែលជា​អនុប្រធាន អ​ទស អគ្គលេខាធិការ អគ្គលេខាធិការរង ប្រធាន​-​អនុប្រធាននាយកដ្ឋាន ប្រធាន​-​អនុប្រធាន​ការិយាល័យ និង​មន្ត្រី​បច្ចេកទេស​ក្រោម​ឱវាទ​អាជ្ញាធរ​ទន្លេសាប ។
​គោលបំណង​សំខាន់​នៃ​កិច្ចប្រជុំ រួមមាន ៖
⁃ ពិភាក្សា​ឯកភាព​លើ​ដំណើរ​ការកសាង និង​យន្តការ​នៃ​ការរៀបចំ​កសាង​ផែនការ
⁃ ពិភាក្សា​លើ គោលបំណង ទស្សនវិស័យ និង​បេសកកម្ម មុននឹង​ឈានទៅ​កសាង​រៀបចំ​ផែនការ​
⁃ ពិនិត្យ​លើ​ដំណើរ​ការកសាង​តាម​ជំហាន​នីមួយៗ​
⁃ ពិភាក្សា​ជម្រើស​លើ​ទម្រង់​នៃ​ការកសាង​ផែនការ តើ​វា​គួរ​ជា​ផែនការ​យុទ្ធសាស្ត្រ​ប្រាស្រ័យ​ទាក់ទង ឬ ផែនការ​ប្រតិបត្តិ​ប្រាស្រ័យ​ទាក់ទង (The Strategic Communication Plan or The Operational Communication Plan)​។​ឭ