ចាប់ពីថ្ងៃសៅរ៍ ៧ កើត ដល់ថ្ងៃ អង្គារ ១០ កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ដល់ទី៣០ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងារបច្ចេកទេសដឹកនាំដោយលោកសាស្ត្រាចារ្យ លឹម ពុយ អនុប្រធានអាជ្ញាធរទន្លេសាប ទទួលបន្ទុកការងារបច្ចេកទេស បានចុះពិនិត្យទិដ្ឋភាពជាក់ស្តែងនៅតំបន់បឹងទន្លេសាប។
ការចុះពិនិត្យនេះមានគោលបំណងធំៗរួមមាន៖
១/ ហោះហើរតាមរយៈយន្តហោះខ្នាតតូច MOWRAM FLY នៅតំបន់ ៣ ជុំវិញបឹងទន្លេសាប ដើម្បីពិនិត្យមើលស្ថានភាពជាក់ស្តែងពេលដែលកម្ពស់ទឹកនៃបឹងទន្លេសាបមានប្រមាណតែ០.៥០ ម៉ែត្រ នៅចុងខែមិថុនា ឆ្នាំ២០២០ នេះ
២/ ស្រង់ទិន្នន័យលើភាពសម្បូរ លើជីវសាស្ត្រលើប្រភេទត្រីប្រមាណ ៦០ ប្រភេទ ព្រមទាំងលើផលចាប់តាមឧបករណ៍នេសាទ នៃធនធានត្រីនៅតំបន់ឆ្នុកទ្រូ តំបន់ផាត់សណ្តាយ តំបន់កំពង់លួង តំបន់កោះក្អែក និងតំបន់បឹងទន្លេឆ្មារ
៣/ ការតាមដាន លើគុណភាពទឹកនៅបឹងទន្លេសាប និងភូមិបណ្តែតទឹក
៤/ ការកកស្ទះ នៃវារីរុក្ខជាតិដូចជាកំប្លោកនៅតាមផ្នែកខាងក្រោមនៃបឹងទន្លេសាប និងដើមឈើព្រៃលិចទឹក ។