ខេត្តសៀមរាប-បាត់ដំបង ៖ ដោយទទួលបានការឯកភាពដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប នៅថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ស៊ិន វិសិទ្ធ អគ្គលេខាធិការ អមដោយលោក ហេង សុវណ្ណារ៉ា ប្រធាននាយកដ្ឋានត្រួតពិនិត្យការធ្វើអាជីវកម្ម និងអភិរក្ស និងមន្ត្រីបច្ចេកទេស បានចុះពិនិត្យស្ថានភាពទូទៅនៃបឹងទន្លេសាបចំពេលដែលស្ថានភាពរបបជលសាស្ត្រមានការប្រែប្រួលខ្លាំង និងពិនិត្យស្ថានភាពទូទៅមុនរបបទឹកហូរចូលបឹងទន្លេសាប ។ ការសិក្សានេះក្រុមការងារបានប្រើប្រាស់ទិន្នន័យរបបជលសាស្ត្ររបស់ក្រសួងធនធានទឹក និងឧតុនិយម ទិន្នន័យតាមដានពីប្រព័ន្ធផ្ការណប ការប្រើប្រាស់យន្តហោះខ្នាតតូច (MOWRAM FLY) និងការចុះអង្កេតផ្ទាល់នៅចំណុចសំខាន់ៗនៃខេត្តជុំវិញបឹងទន្លេសាបដោយផ្តោតសំខាន់លើ ៖ ផលប៉ះពាល់នៃបម្រែបម្រួលរបបជលសាស្ត្រ លើគុណភាពទឹក បរិមាណផលនេសាទ ព្រៃលិចទឹក និងសេដ្ឋកិច្ចសង្គម ។