ក្នុងស្មារតីបន្តពង្រឹងតួនាទីភារកិច្ច និងការទទួលខុសត្រូវស្នូលរបស់អាជ្ញាធរទន្លេសាប ក៏ដូចជាការចូលរួមលើកកម្ពស់ដល់ប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នាព្រឹកថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២០ នៅអគ្គលេខាធិការដ្ឋាន អាជ្ញាធរទន្លេសាប បានដំណើរការរៀបចំកិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់ អំពីដំណើរការបច្ចុប្បន្នភាពនៃការរៀបចំផែនការយុទ្ធសាស្ត្រ សម្រាប់អាជ្ញាធរទន្លេសាប ២០២១-២០២៥ ក្រោមការដឹកនាំសម្របសម្រួលដោយ ឯកឧត្តម ហ៊ែល តូនី អនុប្រធានអាជ្ញាធរទន្លេសាប ទទួលបន្ទុកកិច្ចការផែនការ និងគោលនយោបាយ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមប្រធានអាជ្ញាធរទន្លេសាប ដោយមានការចូលរួម
ពីថ្នាក់ដឹកនាំជាអនុប្រធានទទួលបន្ទុកកិច្ចការបច្ចេកទេស អនុប្រធានទទួលបន្ទុកកិច្ចការរដ្ឋបាល-សហប្រតិបត្តិការ ប្រធាន-អនុប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញថ្នាក់ការិយាល័យក្រោមឱវាទអាជ្ញាធរទន្លេសាប រួមជាមួយមន្ត្រីជំនាញផែនការរបស់ក្រសួងធនធានទឹក និងឧតុនិយម និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។
ផ្អែកលើទស្សនវិស័យយូអង្វែង ត្រូវបានកំណត់ក្នុងផែនការយុទ្ធសាស្ត្រ របស់អាជ្ញាធរទន្លេសាប ២០១៦-២០២០ “អាជ្ញាធរទន្លេសាប ក្លាយជាស្ថាប័ន ឬអង្គភាពគំរូមួយក្នុងការចែករំលែកផ្សព្វផ្សាយ និងសម្របសម្រួលប្រកបដោយប្រសិទ្ធភាពលើការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍតំបន់ទន្លេសាបឲ្យប្រកបដោយចីរភាព” ដែលជាត្រីវិស័យដ៏មានសារៈប្រយោជន៍ សម្រាប់មន្ត្រីថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទអាជ្ញាធរទន្លេសាប ទទួលបានពុទ្ធិ និងយកទៅប្រើប្រាស់ក្នុងសកម្មភាពអាទិភាពផ្សេងៗ ។ កិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់ខាងលើនេះ បានយកចិត្តទុកដាក់ពិចារណា និងបន្តនូវការវិភាគលើចំនុចខ្លាំង ចំនុចខ្សោយ កាលានុវត្តភាព និងភាពគម្រាមកំហែង (SWOT) ចំពោះស្ថានភាពបច្ចុប្បន្នទៅលើ ៤ ចំនុច ដូចជា ៖ (១). ដំណើរការសកម្មភាពការងារផ្ទៃក្នុងអាជ្ញាធរទន្លេសាប, (២). ដំណើរការសកម្មភាពកិច្ចសហប្រតិបត្តិការ, (៣). ដំណើរការផ្សារភ្ជាប់បឹងទន្លេសាប, តំបន់ទីជម្រាល, និងតំបន់មេគង្គ, (៤). បទពិសោធន៍នៃការអនុវត្តផែនការយុទ្ធសាស្ត្រ ២០១៦-២០២០ ។
ជារួមលទ្ធផលនៃកិច្ចប្រជុំពិភាក្សានេះ បានឆ្លុះបញ្ចាំងនូវចំនុចសំខាន់ៗជាច្រើន ដែលបានផ្តល់ជាគំនិតយោបល់ និងអនុសាសន៍ពីមន្ត្រីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញផែនការ ដែលជាកត្តាលីករ ឬធាតុចូលដ៏មានសារៈសំខាន់ ដើម្បីឲ្យលេខាធិការដ្ឋានផែនការ យកទៅពិចារណា រៀបចំ និងកែសម្រួលខ្លឹមសារផែនការយុទ្ធសាស្ត្រ របស់អាជ្ញាធរទន្លេសាប ២០១៦-២០២០ ឲ្យបានកាន់តែប្រសើរឡើង សម្រាប់ដាក់ជូនអង្គប្រជុំពិភាក្សានៅជំហានបន្ទាប់ ។