ថ្ងៃ អង្គារ ០៨រោច ដល់ថ្ងៃ សៅរ៍ ១២រោច ខែ កត្តិក ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១៩ ដល់ថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ក្រុមការងារបច្ចេកទេសដឹកនាំដោយលោក វិន ប៊ុនពៅ ប្រធាននាយកដ្ឋានធនធានធម្មជាតិ នៃអាជ្ញាធរទន្លេសាប បន្តចុះអនុវត្តសកម្មភាពសិក្សាស្រាវជ្រាវពីបម្រែបម្រួលរបបជលសាស្ត្រ និងលក្ខណៈជីវសាស្ត្រនៃការបន្លាស់ទីធនធានជីវៈចម្រុះនៅតំបន់ទីជម្រាលបឹងទន្លេសាប និងតំបន់ពាក់ព័ន្ធលើទីតាំងដូចខាងក្រោម៖
1- តំបន់ឆ្នុកទ្រូ ខេត្តកំពង់ឆ្នាំង
2- តំបន់ផាត់សណ្តាយ និងតំបន់ពាមបាង ខេត្តកំពង់ធំ
3- តំបន់កំពង់លួង និងតំបន់រាំងទិល ខេត្តពោធិ៍សាត់
4- តំបន់ព្រែកទាល់ និងតំបន់ពាក់កន្ទេល ខេត្តបាត់ដំបង
5- តំបន់កំពង់ឃ្លាំង និងតំបន់មាត់ខ្លា ខេត្តសៀមរាប
គោលបំណងនៃការសិក្សានេះដើម្បី៖
- ធ្វើបច្ចប្បន្នភាពប្រភេទត្រី និងផលចាប់ ការយកសំណាកត្រីតាមឧបករណ៍នេសាទដែលបានកំណត់
- វាយតម្លៃពីស្ថានភាពទូទៅនៃប្រភេទត្រីកម្រ ឬកំពុងរងគ្រោះថ្នាក់
- វាយតម្លៃពីការធ្វើចរាចរចេញ-ចូលរបស់ធនធានត្រីមួយចំនួនទៅតាមកម្រិតកម្ពស់ទឹកបឹងទន្លេសាប ការលូតលាស់នៃត្រីដោយផ្តោតលើទំហំ និងប្រវែងត្រីនីមួយៗ
- ធ្វើសន្ទស្សន៍ការវិវត្តន៍របស់កន្សោមពងត្រីមួយចំនួនធៀបនឹងទំហំដងខ្លួនក្នុងពេលបច្ចុប្បន្ន ការបង្កកំណើតនៃប្រភេទកូនត្រី
- ពីប្រភេទទីជម្រក ឬលំនៅដ្ឋានរបស់ធនធានជលផលទៅតាមរដូវកាល
- គុណភាពទឹក ( ប្រើប្រាស់ឧបករណ៍សម្រាប់វាស់លើគុណភាពទឹក៖ ឧបករណ៍វាស់ជម្រៅទឹក Plastimo Echotest ii, ឧបករណ៍ Hanna និងឧបករណ៍មើលកំហាប់ស្លែ Algae torch )
- ធនធានក្រៅពីត្រី (ពពួកសិប្បីសត្វ និងវារីសត្វ)។