ថ្ងៃ ចន្ទ ៨រោច ដល់ថ្ងៃ សុក្រ ១២រោច ខែ អស្សុជ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២១ ដល់ថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ២០១៩ ក្រុមការងារបច្ចេកទេសដឹកនាំដោយលោក វិន ប៊ុនពៅ ប្រធាននាយកដ្ឋានធនធានធម្មជាតិ នៃអាជ្ញាធរទន្លេសាប បានបន្តចុះអនុវត្តន៍សកម្មភាពសិក្សាស្រាវជ្រាវពីបម្រែបម្រួលរបបជលសាស្ត្រ និងលក្ខណៈជីវសាស្ត្រនៃការបន្លាស់ទីធនធានជីវៈចម្រុះនៅតំបន់ទីជម្រាលបឹងទន្លេសាប និងតំបន់ពាក់ព័ន្ធ នៅតំបន់ឆ្នុកទ្រូ ខេត្តកំពង់ឆ្នាំង តំបន់ផាត់សណ្តាយ និងបឹងទន្លេឆ្មារ ខេត្តកំពង់ធំ តំបន់កំពង់លួង ខេត្តពោធិ៍សាត់ តំបន់ព្រែកទាល់និងពាក់កន្ទេល ខេត្តបាត់ដំបង និងតំបន់កំពង់ឃ្លាំង និងមាត់ខ្លា ខេត្តសៀមរាប ។ គោលបំណងនៃការសិក្សានេះដើម្បី៖
- ធ្វើបច្ចប្បន្នភាពប្រភេទត្រី និងផលចាប់នៅតាមតំបន់ខាងលើតាមរយៈការយកសំណាកត្រីតាមឧបករណ៍នេសាទដែលបានកំណត់
- វាយតម្លៃពីស្ថានភាពទូទៅនៃប្រភេទត្រីកម្រ ឬកំពុងរងគ្រោះថ្នាក់
- វាយតម្លៃពីការធ្វើចរាចរចេញ-ចូលរបស់ធនធានត្រីមួយចំនួនទៅតាមកម្រិតកម្ពស់ទឹកបឹងទន្លេសាប ការលូតលាស់នៃត្រីដោយផ្តោតលើទំហំ និងប្រវែងត្រីនីមួយៗ
- ធ្វើសន្ទស្សន៍ពីការវិវត្តន៍របស់កន្សោមពងត្រីមួយចំនួនធៀបនឹងទំហំដងខ្លួនក្នុងពេលបច្ចុប្បន្ន ដើម្បីសិក្សាស្វែងយល់បន្ថែមពីការងារបង្កកំណើតនៃប្រភេទកូនត្រី។
- ពិនិត្យស្ថានភាពទូទៅលើប្រភេទទីជម្រក ឬលំនៅដ្ឋានរបស់ធនធានជលផលទៅតាមរដូវកាល
- គុណភាពទឹក ( ប្រើប្រាស់ឧបករណ៍សម្រាប់វាស់លើគុណភាពទឹក៖ ឧបករណ៍ពិនិត្យភាពថ្លានៃទឹក Secchi disk, ឧបករណ៍វាស់ជម្រៅទឹក Plastimo Echotest ii, ឧបករណ៍ EXO Censer វាស់ DO, Conductivity និងឧបករណ៍មើលកំហាប់ស្លែ Algae torch )
- ធនធានក្រៅពីត្រី (ពពួកសិប្បីសត្វ និងវារីសត្វ)។