កាលពីរសៀល ថ្ងៃទី 5 ខែកុម្ភៈ ឆ្នាំ 2014 ក្រុមការងារមន្ត្រីបច្ចេកទេសរបស់អាជ្ញាធរទន្លេសាប ក្នុងគម្រោងគ្រប់គ្រងធនធានទឹកចម្រុះអាងស្ទឹងសែន ដឹកនាំដោយ ឯកឧត្តមសាស្ត្រាចារ្យ លឹម ពុយ អនុប្រធានអាជ្ញាធរទន្លេសាប និងជាប្រធានគម្រោង បានទទួលជួបពិភាក្សាជាមួយនឹង តំណាងទីភ្នាក់ងារទឹកបារាំង Rhin-Meuse Water Agency ដែលមានលោក Christian SZACOWNY និង លោក Daniel DIETMANN នៅអគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរទន្លេសាប ។
ក្នុងជំនួបពិភាក្សានេះ ឯកឧត្តមសាស្ត្រាចារ្យ បានថ្លែងអំណរគុណចំពោះតំណាងភ្នាក់ងារទឹកបារាំងដែលបានជួយឧបត្ថម្ភថវិកា និងបច្ចេកទេស មកដល់អាជ្ញាធរទន្លេសាប ដើម្បីដំណើរការអនុវត្តគម្រោងគ្រប់គ្រងធនធានទឹកចម្រុះអាងស្ទឹងសែន និងបានធ្វើបទបង្ហាញឆ្លុះបញ្ចាំង អំពីសកម្មភាពចុះសិក្សាស្រាវជ្រាវ និងលទ្ធផលការងារក្នុងការចុះអនុវត្តគម្រោង ដោយ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង និងជានាយកបច្ចេកទេសគម្រោង។
បន្ទាប់ពីបានស្វែងយល់អំពីសកម្មភាព និងលទ្ធផលការងាររបស់ក្រុមការងារគម្រោង តំណាងភ្នាក់ងារទឹកបារាំង បានកោតសរសើរយ៉ាងខ្លាំង ចំពោះសមិទ្ធិផលដែលទទួលបាននេះ ក្រោមការដឹកនាំរបស់ ឯកឧត្តមសាស្ត្រាចារ្យ លឹម ពុយ ។ ជាមួយនេះដែរ តំណាងភ្នាក់ងារ នឹងបន្តគាំទ្រដល់ការអនុវត្តគម្រោងនេះបន្តទៀត ហើយនឹងផ្តល់ឱកាសជូនដល់មន្ត្រីគម្រោង ដើម្បីបានទៅធ្វើទស្សនកិច្ចសិក្សានៅប្រទេសបារាំងនាពេលឆាប់ៗខាងមុខ។