សកម្មភាព​នៃ​ការចុះ​សិក្សា​ស្រាវជ្រាវ​គម្រោង​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​អាង​ស្ទឹងសែន​

នាថ្ងៃទី 13 ដល់ថ្ងៃទី 18 ខែមករា និងពីថ្ងៃទី 26 ដល់ថ្ងៃទី 31 ខែមករា ឆ្នាំ 2014 ក្រុមការងារមន្ត្រីបច្ចេកទេសអាជ្ញាធរ ទន្លេសាប ក្នុង គម្រោងគ្រប់គ្រងធនធានទឹកចម្រុះអាង ស្ទឹងសែន ដែលដឹកនាំដោយ ឯកឧត្តមសាស្ត្រាចារ្យ លឹម ពុយ អនុប្រធានអាជ្ញាធរ ទន្លេសាប និងជាប្រធានគម្រោង បានចុះសិក្សាស្រាវជ្រាវនិងប្រមូលទិន្នន័យបន្ថែម ទៅលើការប្រើប្រាស់ទឹកតាមវិស័យផ្សេងៗ ដូចជា ការស់នៅតំបន់ទីប្រជុំជន ឧស្សាហកម្ម កសិកម្ម គុណភាពទឹក និងស្ថានភាពទូទៅនៃការទ្រទ្រង់ជីវភាពរស់នៅតាមដងស្ទឹងសែន ក្នុងខេត្តកំពង់ធំ និងខេត្តព្រះវិហារ។

ការសិក្សាក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ក្រុមការងារបានសិក្សាផ្នែកខាងលើ (Upstream) និងផ្នែកខាងក្រោម (Downstream) នៃអាងស្ទឹងសែន ដោយជ្រើសរើសស្រុកជាំក្សាន្ត ស្រុកគូលែន ស្រុកត្បែងមានជ័យ ស្រុកជ័យសែន ស្រុករវៀងនិងក្រុងព្រះវិហារ ។ ដោយឡែក ខេត្តកំពង់ធំ ក្រុមការងារបានជ្រើសរើសស្រុកសណ្តាន់ និងស្រុកប្រាសាទសំបូរ។

សូមបញ្ជាក់ថា គម្រោងនៃការគ្រប់គ្រងធនធានទឹកចម្រុះអាងស្ទឹងសែននេះ បានចាប់ផ្តើមអនុវត្តតាំងពីដើមឆ្នាំ 2013 ក្រោមការឧត្ថម្ភគាំទ្រថវិកាដោយ ភ្នាក់ងារទឹកបារាំង Loire-Bretagne Water Agency; Rhin-Meuse Water Agency; International Office for Water និង Asian Development Bank (ADB) ។ គម្រោងខាងលើនេះ មានទិសដៅ និងគោលបំណង គឺធ្វើឲ្យមានប្រសិទ្ធិភាព និងនិរន្តភាពនៃការប្រើប្រាស់ទឹក ការទាញយកផលប្រយោជន៍ពីទឹក ដើម្បីប្រើប្រាស់តាមវិស័យផ្សេងៗ និងដើម្បីរៀបចំផែនការយុទ្ទសាស្ត្រគ្រប់គ្រងធនធានទឹកឆ្ពោះទៅបម្រើផលប្រយោជន៍រួមក្នុងការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍ក្នុងតំបន់។