ថ្ងៃ សុក្រ ០៨ កើត ខែ ចែត្រ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម ស៊ិន វិសិទ្ធ អគ្គលេខាធិការ អាជ្ញាធរទន្លេសាប បានចូលរួមដឹកនាំសិក្ខាសាលាបិទបញ្ចប់គម្រោង កិច្ចសហប្រតិបត្តិការ រវាងបឹងទន្លេសាប ប្រទេសកម្ពុជា និងអាងសុងក្លា ប្រទេសថៃ ដែលឧបត្ថម្ភថវិកាដោយធនាគារពិភពលោក ។ សមាសភាពចូលរួមមានមកពីអាជ្ញាធរទន្លេសាប គណៈកម្មាធិការជាតិទន្លេគង្គកម្ពុជា ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងបរិស្ថាន អង្គការ IUCN សកលវិទ្យាល័យភ្នំពេញ មន្ទីរជំនាញពាក់ព័ន្ធខេត្តជុំវិញបឹងទន្លេសាប មន្ត្រី MRC ភាគីអនុវត្តគម្រោងមកពីខេត្តសុងក្លាប្រទេសថៃ សមាជិកសហគមន៍នេសាទគំរូ ។ សិក្ខាសាលានេះ មានគោលបំណងចម្បងគឺ ៖
១/ ដេីម្បីផ្សព្វផ្សាយ ចែករំលែកនូវរបកគំហេីញអំពីបញ្ហាប្រឈម និងអនុសាសន៍ស្តីពីការគ្រប់គ្រងបឹង ជូនទៅដល់អ្នកពាក់ព័ន្ធនានា ដេីម្បីបង្កេីនការយល់ដឹងបន្ថែមអំពីជីវភាពរស់នៅ នៅក្នុងសហគមន៍។
២/ បង្ហាញសមិទ្ធផលនៃគម្រោងកិច្ចសហប្រតិបត្តិការ រវាងបឹងទន្លេសាប ប្រទេសកម្ពុជា និងអាងសុងក្លា ប្រទេសថៃ រួមមាន៖
- ខ្សែវីដេអូខ្លី ចំនួន៣ឃ្លីប អប់រំផ្សព្វផ្សាយ ទាក់ទងនឹងការប្រែប្រួលអាកាសធាតុ ការនេសាទ និងការចូលរួមរបស់ស្ត្រី
- របាយការណ៍រួមគ្នា លេីការអនុវត្តគម្រោងសាកល្បង និងការបណ្តុះបណ្តាលសមត្ថភាព
- របាយការណ៍គម្រោង ស្ដីពីជីវភាពរស់នៅរបស់សហគមន៍ ការងារអភិបាលកិច្ច និងនិរន្តរភាពបឹង និង
- សៀវភៅកម្រងព័ត៍មាន និងផែនទី Atlas ស្តីពីបឹងទន្លេសាប ។