កាលពីថ្ងៃច័ន្ទ ០១ រោច ដល់ ថ្ងៃពុធ ០៤ រោច ខែ បុស្ស ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែ មករា ឆ្នាំ ២០១៩ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ លោក ហេង សុវណ្ណារ៉ា ប្រធាននាយកដ្ឋានត្រួតពិនិត្យការធ្វើអាជីវកម្ម និងអភិរក្ស បានចូលរួមកិច្ចប្រជុំក្រុមជំនាញការថ្នាក់តំបន់ចំនួនពីរ៖
១) ពិនិត្យ និងធ្វើបច្ចុប្បន្នភាពវិធីសាស្ត្រការតាមដានភាពសម្បូរបែប និង ភាពផ្សេងគ្នានៃប្រភេទត្រី។
២)សេចក្តីព្រាងកម្មវិធីសម្រាប់តាមដានបរិស្ថានរួមគ្នាលើគម្រោងវារីអគ្គិសនីលើទន្លេមេ ដោយមានការចូលរួមពីប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គ មន្ត្រីលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ និងជំនាញការអន្តរជាតិ។
គោលបំណងនៃកិច្ចប្រជុំនេះគឺ៖
១- ពិភាក្សាលើកម្មវិធីតាមដានបរិស្ថានរួមគ្នា លើផលប៉ះពាល់នៃគម្រោងវារីអគ្គិសនី នៅទន្លេមេគង្គមេ។
២- ពិភាក្សាវិធីសាស្ត្រ និងទិន្នន័យដែលត្រូវការ សម្រាប់ការរៀបចំផែនការ និងគ្រោងប្លង់បច្ចេកទេសនៃគម្រោងវារីអគ្គិសនី។
៣- ពិភាក្សាលើការសាកល្បង ការតាមដានបរិស្ថានរួមគ្នា លើគម្រោងដនសាហុង និងសាយ៉ាប៉ូរី។