នាថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០១៨ នៅសណ្ឋាគារអប្សរាអង្គរ ក្នុងខេត្តសៀមរាប លោក ណុំ សោភារិទិ្ធ អនុប្រធាននាយកដ្ឋានត្រួតពិនិត្យអាជីវកម្ម និងអភិរក្ស នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរទន្លេសាប បានចូលរួមកិច្ចប្រជុំអ្នកពាក់ព័ន្ធថ្នាក់ជាតិ ស្តីពីការពិគ្រោះយោបល់ជាមុននៃសំណើគម្រោងវារីអគ្គិសនី ប៉ាកឡាយ ក្រោមនីតិវិធីរបស់ MRC សម្រាប់ការជូនដំណឹងការពិគ្រោះយោបល់ជាមុន និងកិច្ចព្រមព្រៀង (PNPCA) ដែលរៀបចំឡើងដោយគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា (គ.ជ.ទ.ម.ក)។ កិច្ចប្រជុំមានការអញ្ជើញចូលរួមមកពីបណ្តាក្រសួង-ស្ថាប័ន ដូចជាសកលវិទ្យាល័យភូមិន្ទកសិកម្ម សកលវិទ្យល័យភូមិន្ទភ្នំពេញ វិទ្យាស្ថានបច្ចេកទេសកម្ពុជា មន្ទីរជំនាញ សហគមន៍នេសាទ ជំនាញការថ្នាក់ជាតិ និងមន្ត្រីសម្របសម្រួលថ្នាក់ជាតិរបស់ គ.ជ.ទ.ម.ក។ គោលបំណងនៃកិច្ចប្រជុំ រួមមាន៖
១ ដើម្បីផ្ដល់ និងស្វែងយល់លើកិច្ចព្រមព្រៀងមេគង្គឆ្នាំ១៩៩៥ និងនីតិវិធីនៃការជូនដំណឹង ការពិគ្រោះយោបល់ជាមុន និងកិច្ចព្រមព្រៀង (PNPCA)
២ ដើម្បីពិភាក្សាទៅលើនីតិវិធីរបស់ MRC សម្រាប់ការជូនដំណឹង ការពិគ្រោះយោបល់ជាមុន និងកិច្ចព្រមព្រៀង (PNPCA), ពិនិត្យលើឯកសាររបស់គម្រោងវារីអគ្គិសនីប៉ាក់ឡាយ និងរៀបចំឯកសារបច្ចេកទេសរបស់គណៈកម្មការទន្លេមេគង្គ (MRC) ដែលពាក់ព័ន្ធទៅនឹងគម្រោងខាងលើ។
៣ ដើម្បីប្រមូលមតិយោបល់បឋមទៅលើការរៀបចំរបាយការណ៍បច្ចេកទេសរបស់គណៈកម្មការទន្លេមេគង្គ
ហើយជាលទ្ធផលនៃក្រុមពិភាក្សា យោបល់ ឬសំណើរមួយចំនួនត្រូវបានសើ្នរឡើងទៅភាគីឡាវ ជាពិសេស ម្ចាស់គម្រោងឲ្យពិចារណា និងធ្វើការបន្ថែមទៀតសម្រាប់គម្រោងទំនប់វារីអគ្គសនីប៉ាក់ឡាយនេះ ដូចជាបញ្ហា ផ្នែកជលផល និងជីវចម្រុះ ផ្នែកបរិស្ថាន ផ្នែកជលសាស្ត្រ កករល្បាប់ សុវត្ថិភាពនៃទំនប់ និងនាវាចរ និងផ្នែកសេដ្ឋកិច្ច-សង្គម ។