នៅថ្ងៃទី 11 ដល់ថ្ងៃទី 17 ខែ មីនា ឆ្នាំ 2012 ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប អមដំណើរដោយ សាស្ត្រាចារ្យ លឹម ពុយ អនុប្រធានអាជ្ញាធរទន្លេសាប និងឯកឧត្តម ចាន់ យុត្ថា នាយកខុទ្ទការល័យក្រសួងធនធានទឹក និងឧតុនិយម និងជាអគ្គលេខាធិការអាជ្ញាធរទន្លេសាប
បានអញ្ជើញធ្វើដំណើរទៅកាន់សាធារណរដ្ឋបារាំង ដើម្បីចូលរួម វេទិកាទិវាទឹកពិភពលោកលើកទី 6 ។ជាលទ្ធផលក្នុងបេសកកម្មនៅសាធារណរដ្ឋបារាំង ដែលមានរយៈពេល 7 ថ្ងៃ អាជ្ញាធរទន្លេសាប សម្រេចបាននូវលើការលើកគម្រោងទាក់ទងនឹងការសិក្សាស្រាវជ្រាវលើបឹងទន្លេសាប និងតំបន់ពាក់ព័ន្ធ ចំនួន3 គឺ
1. ចុះហត្ថលេខាលើអនុសារណ រវាងភ្នាក់ងារទឹកបារាំង Agence de l’eau Loire-Bretagne និងអាជ្ញាធរទន្លេសាប ដើម្បីសិក្សាលើការគ្រប់គ្រងអាងទន្លេស្ទឹងសែននៅឆ្នាំ 2012-2013 ។
2. លើកគម្រោងជាមួយនឹង FFEM (FONDS FRANÇAIS POUR L’ENVIRONNEMENT MONDIAL) ដើម្បីសិក្សាស្រាវជ្រាវលើការគ្រប់គ្រងបឹងទន្លេសាប និងស្ទឹងទន្លេធំៗ ដែលពាក់ព័ន្ធសម្រាប់ឆ្នាំ 2013-2014 ។
3. លើកគម្រោងជាមួយនឹងសាកលវិទ្យាល័យ AIX-MARSEILLE លើការសិក្សាស្រាវជ្រាវស្តីពីកម្រាស់ ល្បាប់ភក់នៃបឹងទន្លេសាប ដើម្បីដឹងពីអាយុកាលនៃបឹងទន្លេសាប ដោយយោងលើការសិក្សាលើ (i) សារធាតុខនិជ (Mineral), សំបកខ្យង ខ្ចៅ, លំអងផ្កា។ល។ (ii) ស្រាវជ្រាវលើកម្រាស់ភក់ប្រចាំឆ្នាំនៃបឹងទន្លេសាប (iii) រៀបចំផែនទីជម្រៅនៃបឹងទន្លេសាប (iv) លើសេនេទិច (Genetic population) នៃប្រភេទត្រីសំខាន់ៗ ជាពិសេសប្រភេទត្រីដែលជិតផុតពូជ។