ឯកឧត្តម លឹម គានហោ អ​ញ្ញើញ​ចូលរួម​ក្នុង​ពិធី​បិទ​សិក្ខាសាលា​គម្រោង​ ​ក្នុងការ​គ្រប់គ្រង​អាង​ទន្លេ​ស្ទឹងសែន​

ល្ងាចថ្ងៃទី 02 ខែ តុលា ឆ្នាំ ២០១២ នៅសាលប្រជុំក្រសួង ធនធានទឹក និងឧតុនិយម ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធាន ទឹក និងឧតុនិយម និងជាប្រធាន អាជ្ញាធរទន្លេសាប មានកិត្តិយសដ៍ខ្ពង់ខ្ពស់បានអញ្ញើញចូលរួម ក្នុងពិធីបិទសិក្ខាសាលា ស្តីពីគម្រោង នៃការ គ្រប់គ្រងអាងទន្លេស្ទឹងសែននៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម លឹម ពុយ អនុប្រធានអាជ្ញាធរទន្លេសាប បានធ្វើសេចក្តីរាយការណ៏អំពី សិក្ខាសាលា និងដំណើរបេសកកម្មរបស់គណៈប្រតិភូបារាំង ដែលបានចុះទៅពិនិត្យផ្ទាល់នៃអាងទន្លេស្ទឹងសែន ស្ថិតក្នុងខេត្តព្រះវិហារ និងខេត្តកំពង់ធំ ដើម្បីឈានទៅដល់ការរៀបចំប្លង់មេក្នុងការគ្រប់គ្រងអាងទន្លេស្ទឹងសែន ពិសេសលើការគ្រប់គ្រងការប្រើប្រាស់ទឹកក្នុងតំបន់។ ឯកឧត្តម លឹម ពុយ ក៍បានបញ្ជាក់អំពីគោលដៅធំៗចំនួន ៤ ចំនុច សម្រាប់គម្រោងនេះដែលមានដូចខាងក្រោម៖
    ១. ការរៀបចំប្រព័ន្ឋទិន្នន័យស្តីពី របបទឹក និងធនធានជលសាស្ត្រ, ការប្រើប្រាស់ទឹកតាមវិស័យ ផ្សេងៗដូចជាៈ ការស្រោចស្រព, តម្រូវការក្នុងការប្រើប្រាស់តាមលំនៅឋាន ទាំងផ្នែកឧស្សាហកម្ម និងសិប្បកម្ម ។ល។និង។ល។
    ២. ការបណ្តុះបណ្តាលលើការគ្រប់គ្រងអាងទន្លេដល់បុគ្គលិកក្រសួងធនធានទឹកថ្នាក់រាជធានី និង ថ្នាក់ខេត្តលើការប្រមូល និងរៀបចំទិន្នន័យតាមទិសដៅនីមួយៗ, ការចុះយកសំណាកទឹក និងការវិភាគ លើគុណភាពទឹក និងគុណភាពបរិស្ថានទូទៅ។
    ៣. ការរៀបចំផែនការមេលើការប្រើប្រាស់ធនធានទឹករបស់អាងទន្លេ
    ៤. ការរៀចំផែនការមេ និងបង្កើតគណៈកម្មការថ្នាក់ជាតិ និងថ្នាក់តំបន់ លើការគ្រប់គ្រងធនធានទឹកលើស្ទឹងទាំង ១១ នៅជុំវិញបឹងទន្លេសាប។
    លោក Jacques Oudin ជាសមាជិកព្រឹទ្ឋសភាបារាំង ដែលជាប្រធានគម្រោងក្នុងការប្រើប្រាស់ ថវិការនៃគម្រោងនេះ មានមោទនភាពដែលបានដឹកនាំនូវគណៈប្រតិភូបារាំងជួយជ្រោមជ្រែងគម្រោងនេះ។ ដើម្បីឲ្យគម្រោងនេះទទួលបានជោគជ័យគឺទាមទារនូវ ឆន្ទះខ្ពស់ទាំងខាងភាគីបារាំង និងកម្ពុជា ហើយលោកក៍សំណូមពរឲ្យមានកិច្ចសហការល្អរវាងបារាំង និងកម្ពុជាអោយមានភាពយូរអង្វែង។
    មានមតិក្នុងការបិទសិក្ខាសាលា ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប បានស្វាគមន៏ចំពោះគណៈប្រតិភូបារាំង ដែលបានសហការជាមួយក្រុមការងារអាជ្ញាធរទន្លេសាប ដែលបានរៀបចំសិក្ខាសាលា និងដំណើរទស្សនកិច្ចសិក្សានៅខេត្តព្រះវិហារ និងខេត្តកំពង់ធំកន្លងមក ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៏បន្ថែមថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូបារាំង អាចធ្វើការពិនិត្យ និងវាយតម្លៃនូវសក្តានុពល និងកង្វះខាតជារួមមួយចំនួនលើការងារគ្រប់គ្រងធនធានទឹកនៃអាងទន្លេស្ទឹងសែន ហើយ ឯកឧត្តមរដ្ឋមន្ត្រី សង្ឃឹម និងជឿជាក់ថា គម្រោងនេះនឹងប្រព្រឹត្តដោយរលូន និងឈានទៅដល់ការអនុវត្ត និងអភិវឌ្ឍន៍ជាក់ស្តែង លើការគ្រប់គ្រងធនធានទឹកនៃអាងទន្លេស្ទឹងសែន។
    ជាចុងបញ្ចប់ ភាគីបារាំង និងអាជ្ញាធរទន្លេសាប បានធ្វើការចុះហត្ថលេខារួមនៃកិច្ចសហប្រតិ្តបតិការ លើគម្រោងការនៃការគ្រប់គ្រងអាងទន្លេស្ទឹងសែន ។