វគ្គបណ្តុះបណ្តាលនេះបានធ្វើឡើងនូវសាលប្រជុំ ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី ១៥ ដល់ ១៧ ខែ មករា ឆ្នាំ ២០១៣ ដោយមានការចូលរួមពី មន្ត្រីនៃអាជ្ញាធរទន្លេសាប មន្ត្រីក្រសួងធនធានទឹក និងឧតុនិយម មន្ត្រីនៃមន្ទីរ ធនធានទឹក និងឧតុនិយម ខេត្តកំពង់ធំ និងខេត្តព្រះវិហារ។ ចំពោះភាគីបារាំងដឹកនាំដោយ លោក Alain BERNARD, លោកស្រី Sophie LELCHAT និង លោក Philippe SENNHAUSER។
ឯកឧត្តម លឹម ពុយ អនុប្រធានអាជ្ញាធរទន្លេសាប ដែលជាប្រធានគម្រោង បានធ្វើបទបង្ហាញខ្លីមួយ ស្តីពីលក្ខណៈទូទៅរបស់អាងទន្លេស្ទឹងសែន, ការប្រើប្រាស់ទឹកចេញពីទន្លេស្ទឹងសែន និងធ្វើការពន្យល់ពីដំណើរការនៃគម្រោងនេះដល់មន្ត្រីសិក្ខាកាមទាំងអស់។ បន្ទាប់មកភាគីបារាំង បានធ្វើបទបង្ហាញស្តីពី ការគ្រប់គ្រងអាងទន្លេ ដោយយកបទ ពិសោធន៏ពីប្រទេសចំនួន ១៧ ដែលភាគីបារាំងបានធ្វើសហប្រតិបត្តិការណ៏ជាមួយ។ ចំពោះព្រះរាជាណាចក្រកម្ពុជា ការ សិក្សាលើអាងស្ទឹងសែន ជាការសិក្សាលើកដំបូង ហើយជាគំរូសម្រាប់អាងដទៃទៀតនៅជុំវិញបឹងទន្លេសាប។
ក្រោយពីបញ្ចប់វគ្គបណ្តុះបណ្តាលនេះ ក្រុមការងារអាជ្ញាធរទន្លេសាប និងភាគីបារាំង ដឹកនាំដោយ ឯកឧត្តម លឹម ពុយ បានធ្វើដំណើរទៅកាន់ខេត្តព្រះវិហារ ដើម្បីជួបប្រជុំពិភាក្សា និងជម្រាបជូនដល់អាជ្ញាធរដែនដីស្តីពីគម្រោងស្ទឹងសែននេះ នៅសាលាខេត្ត ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត មន្ត្រីថ្នាក់ខេត្ត, ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តព្រះវិហារ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។ បន្ទាប់មក ក្រុមការងារ បានចុះពិនិត្យមើលពីទិដ្ឋភាពទូទៅនៃស្ទឹងសែននៅខេត្តព្រះវិហារនារដូវប្រាំងនេះ ព្រមទាំងបានធ្វើការវាស់វែងនូវបរិមាណធារទឹក និងបានយកសំណាកទឹកមកមន្ទីរពិសោធន៍របស់ក្រសួងធនធានទឹក និងឧតុនិយម ដើម្បីមើលគុណភាពទឹក។ វគ្គបណ្តុះបណ្តាលនេះ បានបញ្ចប់ក្រោយពីបានប្រជុំបូកសរុបដោយមានការចូលរួមពីដៃគូរអភិវឌ្ឍន៍ដូចជា ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍, ធនាគារអភិវឌ្ឍន៍អាស៊ី និងគណៈកម្មការទន្លេមេគង្គ ព្រមទាំងលើកទិសដៅសម្រាប់ដំណើរការរបស់គម្រោងនៅឆមាសទី១នៃឆ្នាំ២០១៣។