នាព្រឹកថ្ងៃអង្គារ ៧កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាប តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធានអាជ្ញាធរទន្លេសាប អមដោយឯកឧត្តមអគ្គលេខាធិការ ឯកឧត្តមអគ្គលេខាធិការរង លោកប្រធាននាយកដ្ឋាន និងក្រុមការងារមន្ត្រីបច្ចេកទេស ដោយមានកិច្ចសហការចូលរួមពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ដើម្បីដឹកនាំកិច្ចប្រជុំពិភាក្សា ករណីប្រជាពលរដ្ឋនៅស្រុកកំពង់លែង ស្នើសុំអាស្រ័យផលលើទីតាំងដីក្នុងតំបន់៣ ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង, ដែលមានការអញ្ជើញចូលរួមពីលោក លោកស្រីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងបរិស្ថាន ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងមន្ទីរក្រសួងធនធានទឹក និងឧតុនិយម មន្ទីរកសិកម្ម និងរុក្ខាប្រមាញ់ និងនេសាទ មន្ទីរបរិស្ថាន មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី មន្ទីរបរិស្ថាន ខេត្តកំពង់ឆ្នាំង ព្រមទាំងមន្ត្រីរដ្ឋបាលខេត្ត លោកអភិបាលរងស្រុកកំពង់លែង។
កិច្ចប្រជុំនេះ បានពិភាក្សាលើស្មារតីនៃលិខិតលេខ: ២៦ សជណ ចុះថ្ងៃទី ៥ ខែមករា ឆ្នាំ២០២៤ របស់ទីស្តីការគណៈរដ្ឋមន្ត្រី , លិខិតលេខ: ៩២០៦ សហវ.លសអទច ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ និងលិខិតលេខ: ១៤៣៤ ដនស/អសដភ ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីធ្វើបច្ចុប្បន្នភាពនៃការចុះបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ស្របតាមនីតិវិធីជាធរមាន៕
















