នារសៀលថ្ងៃចន្ទ ៦រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធានអាជ្ញាធរទន្លេសាប, ឯកឧត្តម សរ គឹមសាន្ត អគ្គលេខាធិការអាជ្ញាធរទន្លេសាប បានដឹកនាំក្រុមការងារមន្ត្រីបច្ចេកទេសអាជ្ញាធរទន្លេសាបដែលទទួលបន្ទុកសហការរៀបចំកំណត់ក្របខ័ណ្ឌយុទ្ធសាស្ត្រសម្រាប់អាងបឹងទន្លេសាប នៃកម្មវិធីការអនុវត្តវាយតម្លៃសន្តិសុខទឹក ក្រោមកិច្ចសហប្រតិបត្តិការជំនួយគាំទ្រពីធនាគារពិភពលោក(WB), ICEM, DFAT AWP បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីការវិភាគសន្តិសុខទឹកនៅអាងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ និងខេត្តព្រះវិហារជាមួយ អាជ្ញាធរមូលដ្ឋានខេត្ត មន្ទីរជំនាញ និងស្រុកពាក់ពន្ធ័ ដែលមានសមាជិកចូលរួម សរុបប្រមាណ ៤៦នាក់ (ស្រី ១០នាក់) នៅសាលប្រជុំខេត្តកំពង់ធំ។
កិច្ចប្រជុំពិភាក្សានេះ មានគោលបំណង៖
១. ពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ ដើម្បីបង្ហាញលទ្ធផលនៃរបាយការណ៍ ស្ថានភាពអាងទន្លេសាប ប្រមូលមតិយោបល់ និងសម្របសម្រួលលើវិស័យអាទិភាព
២. ប្រមូលការយល់ដឹងពីទីវាលផ្ទាល់ និងធាតុចូលរបស់ភាគីពាក់ព័ន្ធ ដើម្បីជូនដំណឹងពីការវាយតម្លៃ និងការណែនាំ
៣. កំណត់តំបន់ដែលមានបញ្ហាចម្បងៗ (Keys Hotspots) សម្រាប់ធ្វើការវិនិច្ឆ័យសន្តិសុខទឹកក្នុងអាងបឹងទន្លេសាបក្នុងភូមិសាស្ត្រខេត្តកំពង់ធំ និងខេត្តព្រះវិហារ។
សូមជម្រាបជូនថា នៅជុំវិញអាងបឹងទន្លេសាបដែលជាទីជម្រករបស់ប្រជាពលរដ្ឋប្រមាណ ៥ លាននាក់ ជាចំនុចកណ្តាលដ៏មានសារៈសំខាន់នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងសន្តិសុខទឹករបស់ប្រទេសកម្ពុជា។ បច្ចុប្បន្ននេះ អាងទន្លេសាបកំពុងប្រឈមទៅនឹងបញ្ហាជាច្រើនដែលបណ្តាលមកពីបម្រែបម្រួលរបបទឹកតាមរដូវ ការប្រេីប្រាស់ទឹក រួមទាំងបញ្ហាបរិស្ថាននានាដែលកំពុងប្រឈមមុខត្រូវដោះស្រាយហេីយបានកំណត់ជាការងារអាទិភាពដែលប្រមុខរាជរដ្ឋាភិបាលបានដាក់ចេញ៕


















