នាថ្ងៃអង្គារ ៨កើត ដល់ថ្ងៃពុធ ៩កើត ខែអស្សុជ ឆ្នាំម្យាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃ១ ខែតុលា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធានអាជ្ញាធរទន្លេសាប លោក វិន ប៊ុនពៅ ប្រធាននាយកដ្ឋានធនធានធម្មជាតិ និងមន្ត្រីអាជ្ញាធរទន្លេសាប បានចូលរួម កិច្ចប្រជុំកម្រិតលេខាធិការដ្ឋាន និងអង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍ ដោយឡែកអមជាមួយវគ្គបណ្តុះបណ្តាល ស្តីពី ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ដល់អង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍ដោយឡែក នៅទីរួមខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម ណេប សាមុត រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ដោយមានការចូលរួមពីមន្ត្រីតំណាងពីក្រសួង-ស្ថាប័នពាក់ព័ន្ធ។ គោលបំណងនៃកិច្ចប្រជុំ៖
១. បង្ហាញពីផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឆ្នាំ ២០២១-២០៣៥
២. បង្ហាញពីយន្តការមួយចំនួនដែលជាបទដ្ឋានក៏ដូចជាវិធានការគន្លឹះក្នុងការគាំទ្រទៅលើការអភិវឌ្ឍន៍ផែនការមេតំបន់ទេសចរណ៍ខេត្តសៀមរាប។
សូមជម្រាបជូនថា គណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ហៅកាត់ថា គ.អ.ទ.ស. ត្រូវបានបង្កើតឡើង នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ តាមរយៈអនុក្រឹត្យលេខ ២៧៦ អនក្រ.បក ជាអង្គភាពចំណុះទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីដឹកនាំ សម្របសម្រួល និងត្រួតពិនិត្យ ការអភិវឌ្ឍគោលដៅទេសចរណ៍ខេត្តសៀមរាប ដោយអនុវត្តតាមផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបកំណត់ចក្ខុវិស័យទេសចរណ៍រយៈពេលវែង ឆ្នាំ២០២១-២០៣៥៕











