Thursday, April 23, 2026

ឯកឧត្តម សរ គឹម​សាន្ត ទទួល​ជួប​ជាមួយ​ក្រុម​អ្នកជំនាញការ​ចិន មកពី​វិទ្យាស្ថាន​ស្រាវជ្រាវ​ជល​សាស្ត្រ​ណាន​ជី​ង Nanjing Hydraulic Research Institute (NHRI)

នា​រសៀល​ថ្ងៃ​សុក្រ ៤​កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០២៥ នៅ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប ដោយ​ទទួលបាន​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី ឯកឧត្តម​រដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធាន​អាជ្ញាធរ​ទន្លេសាប ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ​អាជ្ញាធ​រ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​មន្ត្រី​បច្ចេកទេស​អាជ្ញាធរ​ទន្លេ​សាប ទទួលបន្ទុក​អនុវត្ត​គម្រោង ក្រោម​កិច្ចសហប្រតិបត្តិការ​ជាមួយ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បានទទួល​ជួប​ជាមួយ​ក្រុម​អ្នកជំនាញការ​ចិន មកពី​វិទ្យាស្ថាន​ស្រាវជ្រាវ​ជល​សាស្ត្រ​ណាន​ជី​ង Nanjing Hydraulic Research Institute (NHRI) ដឹកនាំ​ដោយ​លោកស្រី​បណ្ឌិត Lin Yujing ប្រធាន​នាយកដ្ឋាន​ស្រាវជ្រាវ​អេកូ​បរិស្ថាន (EERD) ដើម្បី​ពិភាក្សា​ការងារ​លើ​វិស័យ​ដូចជា ការបង្ការ​គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ការគ្រប់គ្រង​ទឹក និង​អភិបាលកិច្ច​បរិស្ថាន​ទឹក​ក្រោម​បរិបទ​នៃ​ការប្រែប្រួល​អាកាសធាតុ ព្រមទាំង​ធ្វើ​ទស្សនកិច្ច​សិក្សា​ប្រមូល​ព័ត៌មាន​បែប​វិទ្យាសាស្ត្រ​នៅតាម​ដង​ទន្លេសាប រហូតដល់​តំបន់​បឹង​ទន្លេសាប​។​
​កិច្ចប្រជុំ​ពិភាក្សា​នេះ មាន​គោលបំណង​៖
១. ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ការផ្លាស់ប្តូរ​បច្ចេកទេស​លើ​ការងារ​សិក្សា​ស្រាវជ្រាវ ព្រមទាំង​ការគ្រប់គ្រង​ធនធានទឹក​ប្រកបដោយ​និរន្តរភាព​
២. ពិភាក្សា​ការចុះ​ទស្សនកិច្ច​សិក្សា​ប្រមូល​ទិន្នន័យ​ព័ត៌មាន​នៅតាម​ដង​ទន្លេសាប បឹង​ទន្លេសាប និង​តំបន់​ជុំវិញ​បឹង​ទន្លេសាប​។​
៣. ពិភាក្សា​អំពី​គុណភាព​ទឹក កករ​ដីល្បាប់ ការគ្រប់គ្រង​តំបន់ដីសើម តំបន់​អភិរក្ស និង​ការការពារ​ធនធាន​ជលផល​នៅ​តំបន់​បឹង​ទន្លេសាប​
៤. ពង្រឹង​ភាពជា​ដៃគូ​ក្នុង​ការសិក្សា​ស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ​បន្ថែមទៀត​។​
​សូមបញ្ជាក់​ផងដែរ​ថា អាជ្ញាធរ​ទន្លេសាប បាន​ចុះ​អនុស្សារណៈ​យោគយល់​គ្នា (MoU) ជាមួយ​វិទ្យាស្ថាន​ស្រាវជ្រាវ​ជល​សាស្ត្រ​ណាន​ជី​ង កាលពី​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០២៥ កន្លងមក​៕

Previous article
Next article

ព័ត៌មាន និងព្រឹត្តិការណ៍