នៅថ្ងៃសុក្រ ៦រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ក្រុមការងារការិយាល័យត្រួតពិនិត្យការធ្វើអាជីវកម្មលើធនធានធម្មជាតិ បានបន្តចុះសិក្សាស្រាវជ្រាវ តាមដាន និងវាយតម្លៃពីការកែច្នៃត្រី ស្ថិតនៅឃុំកំពង់លួង និងឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ដំណើរការចុះសិក្សានេះ ក្រុមការងារបានចុះជួបជាមួយ ៖
១. អាជ្ញាធរដែនដី និងសង្កាត់ជលផលកំពង់លួង ដើម្បីសិក្សាស្វែងយល់ អំពី ស្ថានភាព ប្រសិទ្ធភាព និងសក្តានុពលនៃការកែច្នៃផលនេសាទ
២. ធ្វើការសម្ភាសន៍ជាមួយប្រជាជនដែលមានមុខរបរកែច្នៃផលនេសាទ បច្ចេកទេស និងប្រភេទនៃការកែច្នៃ
៣. សម្ភាសន៍ជាមួយអាជីវករទិញ-លក់ត្រីកែច្នៃ ការប្រមូលទិញផលិតផលកែច្នៃ និងទីផ្សារ ។
សូមជម្រាបជូនថា សកម្មភាពចុះសិក្សាស្រាវជ្រាវ តាមដាន វាយតម្លៃពីការកែច្នៃត្រី គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពសំខាន់ៗជាច្រើន ដែលត្រូវបានអនុម័តដាក់ឱ្យអនុវត្តនៅក្នុងផែនការសកម្មភាពប្រចាំឆ្នាំ២០២៥ របស់អាជ្ញាធរទន្លេសាប។ សកម្មភាពខាងលើនេះ មានគោលបំណង៖
- តាមដានបរិមាណត្រីស្រស់ និងប្រភេទត្រីនៃការកែច្នៃ តំបន់ជុំវិញបឹងទន្លសាប
- បច្ចេកទេសនៃការកែច្នៃតាមប្រភេទនីមួយៗ
- សិក្សាពីចរន្តទីផ្សារ
- សិក្សាពីផលប៉ះពាល់ បញ្ហាប្រឈម និងស្វែងរកដំណោះស្រាយដែលពាក់ព័ន្ធនឹងផលិតផលកែច្នៃផលនេសាទ៕













