Thursday, April 23, 2026

ក្រុមការងារ​បច្ចេកទេស នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​ចុះ​សិក្សា​ប្រមូល​ព័ត៌មាន​ទិន្នន័យ​ដើម្បី​រៀបចំ​បច្ចុប្បន្នភាព​ផែនទី​គោល​តំបន់​ទន្លេសាប និង​កិច្ចការងារ​អភិរក្ស​របស់​សហគម​ន៍​នេសាទ​គំរូ ស្តី​ក្រោម​រហាល​សួង (​រាំង​ពេន​៣​ត​) ស្ថិតក្នុង​ឃុំ​ព្រែក​ហ្លួង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​

​នា​ថ្ងៃ​ចន្ទ ៧​កើត ដល់​ថ្ងៃ​ព្រហស្បតិ៍ ១០​កើត ខែជេស្ឋ ឆ្នាំម្សាញ់ ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​២ ដល់​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០២៥ ក្រុមការងារ​បច្ចេកទេស ការិយាល័យ​អភិរក្ស និង​ការិយាល័យ​ព័ត៌មាន​ភូមិសាស្ត្រ និង​ផែនទី នៃ​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​ចុះ​បេសកកម្ម​រួមគ្នា​សិក្សា​ប្រមូល​ចងក្រង​ទិន្នន័យ ព័ត៌មាន ដើម្បី​រៀបចំ​ធ្វើ​បច្ចុប្បន្នភាព​ផែនទី​គោល​តំបន់​ទន្លេសាប និង​ការចុះ​សិក្សា​ស្វែងយល់​លើ​កិច្ចការងារ​អភិរក្ស និង​ពិគ្រោះ​យោបល់​ជាមួយ​សហគមន៍ ព្រមទាំង​អ្នកពាក់ព័ន្ធ​នានា ដើម្បី​អាច​កំណត់​វិភាគ​មុខងារ​លើ​កន្លែង​អភិរក្ស​សហគមន៍ ស្តី​ក្រោម​រហាល​សួង​(​រាំង​ពេន​៣​ត​) ស្ថិតក្នុង​ឃុំ​ព្រែក​ហ្លួង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​។
​ការចុះ​សិក្សា​នេះ​ក្រុមការងារ​មាន​គោលបំណង​គឺ​៖

  • ការចុះ​សិក្សា​ប្រមូល​ព័ត៌មាន ទិន្នន័យ ដើម្បី​ចងក្រង​រៀបចំ​ធ្វើ​ផែនទី​គោល​តំបន់​ទន្លេសាប​នៃ​ខេត្ត​ទាំង​៦ ជុំវិញ​បឹង​ទន្លេសាប ដោយ​ផ្តោត​សំខាន់​លើ​ការរៀបចំ​ចងក្រង​ព័ត៌មាន ហេដ្ឋារចនាសម្ព័ន្ធ តំបន់​អភិរក្ស ប្រជាសាស្ត្រ និង​ធនធានធម្មជាតិ​ក្នុង​កម្រិត​ឃុំ​
  • ស្វែងយល់​ពី​ទស្សនវិស័យ និង​ផែនការ​គ្រប់គ្រង អភិរក្ស​ធនធាន​ជលផល ជីវចម្រុះ ព្រៃ​លិច​ទឹក និង​ប្រព័ន្ធ​អេកូឡូស៊ី នៅក្នុង​កន្លែង​អភិរក្ស​រាំង​ពេន​៣​ត​
  • ការចូលរួម​អនុវត្ត​ច្បាប់ និង​បទដ្ឋាន​គតិយុត្ត ដែលមាន​ស្រាប់​នៅក្នុង​ការចូលរួម​ថែរក្សា ការពារ និង​ការគ្រប់គ្រង​
  • សក្តានុពល និង​កាលានុវត្តភាព​ដែល​ផ្តល់​ផលប្រយោជន៍​ពី​កន្លែង​អភិរក្ស​ទៅដល់​ប្រជាជន​ដែល​រស់នៅ​ជុំវិញ និង​តំបន់​ពាក់ព័ន្ធ
  • ភាពខ្លាំង ភាព​ខ្សោយ និង​វិធាន​ដោះស្រាយ រួមជាមួយ​តម្រូវការ​ក្នុង​វិធានការ​ឆ្ពោះទៅ​ការគ្រប់គ្រង និង​អភិរក្ស ធនធាន​ជលផល និង​ជីវចម្រុះ​នៅ​ជុំវិញ​បឹង​ទន្លេសាប​ប្រកបដោយ​ចីរភាព​។​
    ​ក្រុមការងារ​បច្ចេកទេស​អាជ្ញាធរ​ទន្លេសាប បាន​នឹង​កំពុង​រៀបចំ​កសាង​ឯកសារ​បច្ចេកទេស​រួមគ្នា​ដែលជា​ធាតុ​ចូល​យ៉ាងសំខាន់​ដល់​ការកសាង​ផែនការ​យុទ្ធសាស្ត្រ​រយៈពេល​មធ្យម និង​រយៈពេល​វែង​សម្រាប់​តំបន់​បឹង​ទន្លេសាប​។​
    ​សូមបញ្ជាក់ថា តំបន់​ជុំវិញ​បឹង​ទន្លេសាប​គ្របដណ្តប់​ក្នុង​ខេត្ត​ចំនួន​៦ រួមមាន​ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តកំពង់ធំ​។ ក្នុង​នេះដែរ​សហគមន៍​នេសាទ និង​តំបន់​អភិរក្ស​ជលផល​គឺ​បាន​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​គ្រប់គ្រង អភិរក្ស និង​អភិវឌ្ឍន៍​តំបន់​ទន្លេសាប​។ តំបន់​បឹង​ទន្លេសាប​ត្រូវបាន​បែងចែក​ជា​បី​តំបន់ ក្នុងនោះ​តំបន់​១ ជា​តំបន់​លំនៅដ្ឋាន និង​ស្រែចំការ​របស់​ប្រជាពលរដ្ឋ ដែល​ទទួលបាន​កម្មសិទ្ធិ​ស្របច្បាប់ ហើយ​តំបន់​២ ជា​តំបន់​ប្រើប្រាស់​អាស្រ័យ​ផល និង​រក្សា​ទុកជា​តំបន់ទ្រនាប់​ការពារ ជា​តំបន់​ប្រជាពលរដ្ឋ​ធ្វើស្រែ​ឡើង​ទឹក និង​ប្រដេញទឹក និង​តំបន់ ៣ ជា​តំបន់​ដែន​ព្រៃ​លិច​ទឹក​ហាមឃាត់​ដាច់ខាត​៕
Previous article
Next article

ព័ត៌មាន និងព្រឹត្តិការណ៍