Saturday, March 7, 2026

ថ្នាក់ដឹកនាំ និង​មន្ត្រី​បច្ចេកទេស អាជ្ញាធរ​ទន្លេសាប ចុះ​ពិនិត្យ​ការជីក​ស្តា​របឹង​អភិរក្ស​រហាល​ប្រា តំបន់​៣ សហគមន៍​នេសាទ​ល្វា ខេត្តសៀមរាប​

​ដោយ​ទទួលបាន​ការណែនាំ​ដ៏​ខ្ពង់ខ្ពស់​ពី ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប នា​ថ្ងៃ​ពុធ ៣​រោច ខែ​ពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០២៥ ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម​អាជ្ញាធរ​ទន្លេសាប អមដោយ​ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ​អាជ្ញាធ​រ​ទន្លេសាប បាន​ដឹកនាំ​មន្ត្រី​បច្ចេកទេស នៃ​អាជ្ញាធរ​ទន្លេសាប ចុះ​ពិនិត្យ​ករណី​ជីក​ស្តា​របឹង​អភិរក្ស​រហាល​ប្រា​របស់​សហគមន៍​នេសាទ​ល្វា នៅក្នុង​តំបន់​៣ ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​ល្វា ស្រុក​ពួក ខេត្តសៀមរាប ដោយមាន​កិច្ចសហការ​ចូលរួម​ពី​លោក ធឿ​ត សូ​វៀត នាយក​ទីចាត់ការ​អន្តរ​វិស័យ នៃ​សាលា​ខេត្តសៀមរាប​, លោក ស៊ីន ចាន់ថុល អភិបាល​នៃ​គណៈ​អភិបាលស្រុក​ពួក រួមជាមួយ​នឹង​តំណាង​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​, តំណាង​មន្ទីរ​បរិស្ថាន​, សង្កាត់រដ្ឋបាល​ជលផល​ពួក​, អាជ្ញាធរ​ឃុំ​ល្វា​, កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ល្វា និង​សហគមន៍​នេសាទ​ល្វា​។​
​សូមជម្រាបថា បឹង​អភិរក្ស​រហាល​ប្រា ជា​បឹង​ធម្មជាតិ​ដី​សើម​ក្នុង​តំបន់ ៣ ហ៊ុមព័ទ្ធ​ដោយ​ព្រៃ​លិច​ទឹក វាលស្មៅ សម្បូរ​ណ៍​ដោយ​ចំណី និង​បាន​ក្លាយជា​ជម្រក​ដ៏​សំខាន់​សម្រាប់​ត្រី​មេ​ពូជ សត្វ​ស្លាប និង​ជីវចម្រុះ​គ្រប់​ប្រភេទ ក្នុងការ​ពង​កូន បង្ក​កំណើត ដែល​ជួយ​បង្កើន​ផល​ស្តុក​ធនធាន​ជលផល​ក្នុង​បឹង​ទន្លេសាប​។ ក៏ប៉ុន្តែ​ដោយសារ​បម្រែបម្រួល​អាកាសធាតុ និង​កម្ដៅ​ហួតហែង បានធ្វើឱ្យ​បឹង​អភិរក្ស​ត្រី​មេ​ពូជ​រហាល​ប្រា មាន​សភាព​គោក​រាក់ បណ្តា​ឱ្យ​ប៉ះពាល់​ដល់​ចរាចរ និង​ជម្រក​ត្រី​មេ​ពូជ ។ ដើម្បី​រក្សា​ត្រី​មេ​ពូជ និង​ជីវចម្រុះ​ក្នុង​តំបន់​អភិរក្ស​នេះ ថ្នាក់ដឹកនាំ និង​មន្ត្រី​បច្ចេកទេស បាន​ចុះ​ពិនិត្យ​លទ្ធភាព​បច្ចេកទេស​ក្នុង​ការជីក​ស្តារ​របស់​សហគមន៍ ដោយ​ធ្វើយ៉ាងណា​កុំ​បំផ្លាញ និង​ប៉ះពាល់​ធ្ងន់​ធ្ញ​រ​ដល់​ព្រៃ​លិច​ទឹក​ក្នុង​តំបន់​នោះ ។
​ជា​លទ្ធផល ថ្នាក់ដឹកនាំ និង​មន្ត្រី​បច្ចេកទេស បាន​ណែនាំ​ឱ្យ​សហគមន៍​ល្វា​ធ្វើសំណើ​មក​អាជ្ញាធរ​ទន្លេសាប តាមរយៈ​អាជ្ញាធរខេត្ត និង​ជំនាញ​ពាក់ព័ន្ធ​ខេត្តសៀមរាប ដោយមាន​ភ្ជាប់​ជាមួយ​នូវ​ផែនការអភិវឌ្ឍន៍​ជីក​ស្តា​របឹង​របស់​សហគម​ន៍​ល្វា ដើម្បី​ធានាបាន​នូវ​ប្រព័ន្ធ​អេកូឡូស៊ី និង​មាន​និរន្តរភាព​នៃ​តំបន់​បឹង​ទន្លេសាប​៕

ព័ត៌មាន និងព្រឹត្តិការណ៍