Saturday, March 7, 2026
HomeUncategorizedប្រវត្តិអាជ្ញ...

ប្រវត្តិអាជ្ញាធរទនេ្លសាប

ដោយទទួលស្គាល់ពីសារៈសំខាន់និងអត្ថប្រយោជន៍ខាងផ្នែកសេដ្ឋកិច្ចនិងបរិស្ថាន ចំពោះប្រទេសជាតិ និងប្រជាជនកម្ពុជាបឹងទន្លេសាបត្រូវបានកំណត់ដោយព្រះរាជក្រឹត្យនាខែវិច្ឆិកា ឆ្នាំ ១៩៩៣ ថាជាតំបន់ការពារការប្រើប្រាស់ចម្រុះ ( Multiple-Use Protected Area ) ។ បន្ទាប់មកនៅឆ្នាំ ១៩៩៧អង្គការសហប្រជាជាតិសម្រាប់ការអប់រំវិទ្យាសាស្ត្រ និងវប្បធម៌ (UNESCO) បានទទួលស្គាល់ពីអត្ថប្រយោជន៍របស់បឹងទន្លេសាបជាលក្ខណៈជាតិ និងអន្តរជាតិ ហើយបានប្រកាសជាឋបនីយជីវមណ្ឌលបឹងទន្លេសាបដែលត្រូវបានកំណត់ជាផ្លូវការដោយព្រះរាជក្រឹត្យ លេខ នស/រកត/០៤០១/០៧០ ចុះថ្ងៃទី១០ខែមេសា ឆ្នាំ ២០១១ ស្តីពីការបង្កើត និងការគ្រប់គ្រងឋបនីយជីវមណ្ឌលបឹងទន្លេសាប។
រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំបង្កើតឡើងនូវគំនិតផ្តួចផ្តើមបឹងទន្លេសាប ( TonleSap Initiative ) នៅឆ្នាំ ២០០២
ដែលជាទឡ្ហីករណ៏ដ៏ល្អប្រសើរសម្រាប់បង្ហាញពីការអភិវឌ្ឍនៅយុទ្ធសាស្ត្រគ្រប់វិស័យគ្របដណ្តប់( Sector wide approach ) ដោយផ្តោតការយកចិត្តទុកដាក់ទៅលើការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនដែលអាស្រ័យនៅតាមដងទន្លេសាបតាមរយៈយុទ្ធសាស្ត្រគាំពារជនក្រីក្រនិងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។ ដើម្បីលើកកម្ពស់និងជំរុញប្រសិទ្ធិភាពដំណើរការការងារគំនិតផ្តួចផ្តើមបឹងទន្លេសាប រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំនូវ វេទិកាជាតិ ស្តីពី “កម្រងគម្រោងអភិរក្ស និងអភិវឌ្ឍន៍បឹងទន្លេសាប” កាលពីថ្ងៃទី០៥-០៦ ខែមីនា ឆ្នាំ ២០០៧ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។ ក្នុងពិធីបើកវេទិកាជាតិសម្តេចនាយករដ្ឋមន្ត្រី បានស្នើសុំឱ្យវេទិកា ពិភាក្សាទៅលើលទ្ធភាពបង្កើត “អាជ្ញាធរទន្លេសាប” ឬ “ឧត្តមក្រុមប្រឹក្សាទន្លេសាប” ក្រោមការគ្រប់គ្រងផ្ទាល់របស់រាជរដ្ឋាភិបាល។ ស្តែងចេញពីលទ្ធផលនៃវេទិកាជាតិស្តីពីកម្រងគម្រោងអភិរក្ស និងអភិវឌ្ឍន៍បឹងទន្លេសាប រាជរដ្ឋាភិបាលកម្ពុជាបានសម្រេច បង្កើត“អាជ្ញាធរអាងទន្លេសាប” តាមព្រះរាជក្រឹត្យលេខ នស/រកត/០៩០៧/៤១២ ចុះថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០០៧។ ដោយពិនិត្យលើស្ថានភាពជាក់ស្តែង និងការប្រឈមនានារាជរដ្ឋាភិបាល បានធ្វើកំណែទម្រង់ជាបន្ទាន់មួយទៅលើរចនា សម្ព័ន្ធគ្រប់គ្រង តួនាទីភារកិច្ច និងដែនសមត្ថកិច្ចរបស់”អាជ្ញាធរអាងទន្លេសាប” ក៏បានបង្កើតឡើង“អាជ្ញាធរទន្លេសាប” វិញតាមព្រះរាជក្រឹត្យលេខ នស/រកត/០៦០៩/៧០៥ ចុះថ្ងៃទី ២៩
ខែមិថុនា ឆ្នាំ ២០០៩ និងបានធ្វើការកែសម្រួលទៅលើមាត្រាមួយចំនួនតាមព្រះរាជក្រឹត្យលេខ នស/រកត/០៣១០/២៥៨ ស្តីពីការកែសម្រួលមាត្រា ៣ មាត្រា ៥ មាត្រា៦ មាត្រា ៩ មាត្រា ១០ និងមាត្រា ១២ នៃព្រះរាជក្រឹត្យលេខនស/រកត/០៦០៩/៧០៥ ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ២០០៩ ។ អាជ្ញាធរទន្លេសាបគឺជាអង្គភាពថ្នាក់ជាតិមួយ និងជាសេនាធិការផ្ទាល់ឱ្យរាជរដ្ឋាភិបាល។បេសកកម្មស្នូលរបស់អាជ្ញាធរទន្លេសាប គឺដើរតួនាទីជាអង្គភាពសិក្សា ស្រាវជ្រាវ តាមដាន និងវាយតម្លៃ អំពីសក្តានុពលសេដ្ឋកិច្ច សង្គមកិច្ច និងការការពារការថែរក្សាធនធានធម្មជាតិ និងបរិស្ថាន និងជាអ្នកសម្របសម្រួលរាល់គម្រោងដែលបាននិងកំពុងអនុវត្តនៅតំបន់បឹងទន្លេសាបនិងតំបន់ពាក់ព័ន្ធ និងជាអ្នករៀបចំបង្កើតឡើងនូវផែនទី បង្ហាញផ្លូវ ទស្សនវិស័យគោលនយោបាយ យុទ្ធសាស្ត្រ សម្រាប់ដាក់ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា ពិនិត្យ និងសម្រេច ។ ប៉ុន្តែអាជ្ញាធរទន្លេសាប ក៏នឹងក្លាយខ្លួនជាប្រតិបត្តិករផងដែរនៅពេល ទទួលបាននូវបទបញ្ជាផ្ទាល់ពីប្រមុខរាជរដ្ឋាភិបាល៕

ព័ត៌មាន និងព្រឹត្តិការណ៍