Thursday, April 23, 2026

ថ្នាក់ដឹកនាំ​អាជ្ញាធរ​ទន្លេសាប ចុះ​សិក្សា​ប្រជុំ​កោះ​ច្រក​លំហូរ​ទឹក​ចូល​-​ចេញពី​ទន្លេសាប​ចូលក្នុង​បឹង​ទន្លេសាប​

​ក្រោយពី​ទទួលបាន​ការណែនាំ​ចង្អុលបង្ហាញ​ដ៏​ខ្ពង់ខ្ពស់​ពី ឯកឧត្តម​រដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធាន​អាជ្ញាធរ​ទន្លេសាប នា​ថ្ងៃ​ព្រហស្បតិ៍ ១២​កើត ខែ​ពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី ៨ ខែឧសភា ឆ្នាំ​២០២៥ ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម អមដោយ​ឯកឧត្តម ជា សុខ​នី អគ្គលេខាធិការរង និង​ក្រុមការងារ​មន្ត្រី​បច្ចេកទេស​ក្រោម​ឱវាទ​អគ្គលេខាធិការដ្ឋាន​នៃ​អាជ្ញាធរ​ទន្លេសាប ចុះ​ធ្វើការ​សិក្សា​ប្រជុំ​កោះ​ច្រក​រំហូរ​ទឹក​ចូល​-​ចេញ​ក្នុង​បឹង​ទន្លេសាប​នៅ​ទីតាំង​ជាក់ស្តែង ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ឆ្នាំង បន្ទាប់ពី​ក្រុមការងារ​បច្ចេកទេស បានធ្វើ​ការសិក្សា វិភាគ និង​ពិនិត្យ​គូស​ផែនទី​បឋម​ចំនួន ៦១​កោះ តាមរយៈ​ការ​ផ្តិត​រូបភាព​ពី​ផ្កាយរណប ។​
​ជារួម​ការចុះ​សិក្សា​ទីតាំង​តាម​តំបន់​ប្រជុំ​កោះ​ជាក់ស្តែង ក្នុង​គោលបំណង​ប្រមូល​ចងក្រង​ទិន្នន័យ​ព័ត៌មាន សម្រាប់​ជា​ទឡ្ហីករណ៍​ក្នុងការ​វិភាគ រៀបចំ​ផែនទី និង​របាយការណ៍​បច្ចេក​ទេស​ទៅលើ​ចរន្ត​ជីពចរ​លំហូរ​ទឹក និង​ឥទ្ធិពល​នៃ​ផលប៉ះពាល់​លើ​គុណភាព និង​បរិ​មាណទឹក រួមជាមួយ​សក្តានុពល​សេដ្ឋកិច្ច​-​សង្គម​ចំពោះ​ការប្រើប្រាស់​ដី​ប្រជុំ​កោះ​ទាំងអស់នេះ ទាំង​វិស័យ​កសិកម្ម និង​អេកូ​ទេសចរណ៍ធម្មជាតិ​។​
​សូមជម្រាបថា បឹង​ទន្លេសាប ដើរតួរ​នាទី​ជា​អាង​ស្តុក​ទឹកធំ​ជាងគេ​របស់​ទន្លេមេគង្គ ដោយ​ទទួល​នូវ​របប​ទឹក​ពី​ទន្លេមេគង្គ នា​រដូវវស្សា​ចាប់ពី​ខែ​ពាក់កណ្តាល​ឧសភា ដល់​ពាក់កណ្តាល​ខែតុលា ដែល​នាំយកមក​នូវ​ដីល្បាប់​មាន​ជីវជាតិ​មាន​ប្រយោជន៍​ជា​ជី​សម្រាប់​ដំណាំ ព្រមទាំង​ជួយ​ទ្រទ្រង់​ប្រព័ន្ធ​អេកូឡូស៊ី និង​ជីវចម្រុះ​របស់​បឹង​ផងដែរ​៕

ព័ត៌មាន និងព្រឹត្តិការណ៍