នាថ្ងៃពុធ ៣កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ៧ ខែសីហា ឆ្នាំ២០២៤ លោកស្រី ប្រាក់ ចាន់វឌ្ឍនា អនុប្រធាននាយកដ្ឋានធនធានធម្មជាតិ នៃអាជ្ញាធរទន្លេសាប បានចូលរួមសិក្ខាសាលាស្តីពី “ការពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីដោះស្រាយផលប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុនៅទន្លេមេគង្គក្រោមតាមរយៈការទទួលទិន្នន័យជលសាស្ត្រ និងការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ” ។ សិក្ខាសាលានេះ រៀបចំដោយអង្គការអុកស្វាម និងដៃគូរបស់អុកស្វាម (OXFAM) ដោយមានសមាសភាពចូលរួមពីតំណាងរាជរដ្ឋាភិបាលរួមមាន អាជ្ញាធរទន្លេសាប ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងបរិស្ថានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយសហគមន៍តាមដងទន្លេមេគង្គក្រោម សហគមន៍តាមបឹងទន្លេសាប សាកលវិទ្យាល័យភូមិន្ទកសិកម្មសរុបចំនួន ៦០នាក់។
សិក្ខាសាលានេះ លោកស្រី ប្រាក់ ចាន់វឌ្ឍនា ក៏បានចែករំលែកបទពិសោធន៍តាមរយៈធ្វើបទបង្ហាញស្តីពី “បញ្ហាប្រឈមចំនួន ៦ ចំណុចរបស់អាជ្ញាធរទន្លេសាប ទាក់ទងនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុលើបឹងទន្លេសាប និងការសិក្សាស្រាវជ្រាវរបស់អាជ្ញាធរទន្លេសាបដើម្បីដោះស្រាយផលប៉ះពាល់នេះ” ផងដែរក្នុងចំណោមវាគ្មិន ២ រូបទៀតគឺ ថ្នាក់ដឹកនាំរបស់គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអនុប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃក្រសួងបរិស្ថាន។
គោលបំណង នៃសិក្ខាសាលាមាន៖
- បង្កើនការយល់ដឹងរបស់អ្នកចូលរួមអំពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុនៅក្នុងអាងទន្លេមេគង្គ និងទន្លេសាប ។
- បង្កើនកិច្ចសហប្រតិបត្តិការក្នុងចំណោមភាគីពាក់ព័ន្ធសំខាន់ៗលើការចែករំលែកទិន្នន័យជលសាស្ត្រ និងឧតុនិយម និងការលើកកម្ពស់ការទទួលបានព័ត៌មានសម្រាប់សហគមន៍តាមដងទន្លេពីប្រភពទិន្នន័យផ្សេងៗ
- ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងចំណោមភាគីពាក់ព័ន្ធសំខាន់ៗនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងអង្គការសង្គមស៊ីវិលក្នុងការឆ្លើយតបនឹងគ្រោះមហន្តរាយដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ៕








