Saturday, March 7, 2026

ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ក្រុមការងារ បន្ត​ចុះ​ធ្វើ​អធិការកិច្ច​បង្គោលព្រំ​តំបន់​៣ ដែន​ព្រៃ​លិច​ទឹក ក្នុងភូមិ​សាស្ត្រ​ស្រុក​ជីក្រែង ខេត្តសៀមរាប​

​ក្រោម​ការដឹកនាំ និង​ចង្អុលបង្ហាញ​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​រដ្ឋ​មន្ត្រី ថោ ជេដ្ឋា ប្រធាន​អាជ្ញាធរ​ទន្លេសាប នៅ​ថ្ងៃអាទិត្យ ៤​កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​០២ ខែមីនា ឆ្នាំ​២០២៥ ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម​អាជ្ញាធរ​ទន្លេសាប អមដំណើរ​ដោយ​ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ និង​ឯកឧត្តម ជា សុខ​នី អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​មន្ត្រី​បច្ចេកទេស​អគ្គលេខាធិកា​រដ្ឋា​ន នៃ​អាជ្ញាធរ​ទន្លេសាប បាន​បន្ត​ចុះ​អធិការកិច្ច​បង្គោលព្រំ​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក​តំបន់​៣ ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​ល្វែង​ឬ​ស្សី ស្ពាន​ត្នោត អន្លង់​សំណរ ជីក្រែង គោកធ្លក​ក្រោម ស​ង្វើ​យ និង​ឃុំ​ឬ​ស្សី​លក ស្រុក​ជីក្រែង ខេត្តសៀមរាប ដោយមាន​កិច្ចសហការ​ចូលរួម​ពី​តំណាង​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តសៀមរាប លោក​អភិបាលរង នៃ​គណៈ​អភិបាលស្រុក​ជីក្រែង សមាជិក​ក្រុមប្រឹក្សា​ស្រុក មន្ត្រីរដ្ឋបាល​ស្រុក តំណាង​ការិយាល័យ​កសិកម្ម ធនធានធម្មជាតិ និង​បរិស្ថាន តំណាង​ការិយាល័យ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី លោក​មេឃុំ ក្រុមប្រឹក្សាឃុំ លោក​មេភូមិ​-​ប្រជា​ការពារ​ពាក់ព័ន្ធ រួម​និង​កងកម្លាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ​របស់​ស្រុក​ជីក្រែង​។​
​សូម​ជម្រាបជូន​ថា ឆ្លៀត​ក្នុងឱកាស​ក្នុង​អធិការកិច្ច​នេះដែរ ឯកឧត្តម​ប្រធាន​ក្រុមការងារ​បាន​ពាំនាំ​ជម្រាបជូន​ពី​គោលនយោបាយ អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងការ​ការពារ ថែរក្សា​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក​តំបន់​៣ ព្រមទាំង​បាន​ណែនាំ​ដល់​អាជ្ញាធរ​ដែនដី​ចូលរួម​ទប់ស្កាត់​ការបន្ត​ចូល​អាស្រ័យ​ផល​ដី​តំបន់​៣ ការ​រុករាន​ទន្ទ្រានព្រៃ​លិច​ទឹក និង​ពង្រឹង​ការអនុវត្ត​ច្បាប់ បទដ្ឋាន​គតិយុត្ត មានដូចជា​អនុក្រឹត្យ​លេខ ១៩៧ អនក្រ​.​បក ចុះ​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១១ និង​អនុក្រឹត្យ​លេខ ៨៣ អនក្រ​.​បក ចុះ​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០២៣​។​
​សូមបញ្ជាក់ថា ក្រុមការងារ​បាន ចុះ​ពិនិត្យ​ទីតាំង​ជាក់ស្តែង​បង្គោល កំណត់ព្រំដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក​តំបន់​៣ ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុក​ជីក្រែង គ្របដណ្តប់​លើ​ឃុំ​ចំនួន ៨ មាន​បង្គោល​សរុប​ចំនួន ៨០​បង្គោល ចាប់ពី​ចំណុច​បង្គោល​លេខ​២២០ ដល់​២៩៩(​លេខ​បណ្តោះអាសន្ន​) បាន​ពិនិត្យឃើញថា បាន​បោះ​ចប់ ១០០% និង​មាន​សភាព​ល្អ​សមស្រប​តាម​ចំណុច​និយាម​កា​ដែល​ក្រុមការងារ​បច្ចេកទេស​អា​ជ្ញា​ធរ​ទន្លេសាប​បានកំណត់​។ តែ​នៅក្នុង​ភូមិសាស្ត្រ​ឃុំ​មួយចំនួន ប្រជាពលរដ្ឋ សហគមន៍ និង​ម្ចាស់​កសិដ្ឋាន​ស្រែប្រាំង​នៅតែ​បន្ត​ចូល​អាស្រ័យ​ផល​លើដី​តំបន់​៣ និង​មាន​ការជីក​អាងទឹក ជីក​ស្តារ​ប្រឡាយទឹក​ក្នុង​តំបន់​ក្នុង​តំបន់​២ និង​តំបន់​៣៕

ព័ត៌មាន និងព្រឹត្តិការណ៍