Sunday, August 2, 2026

ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ​អាជ្ញាធ​រ​ទន្លេសាប ដឹកនាំ​ក្រុមការងារ​មន្ត្រី​បច្ចេកទេស​ចូលរួម​ប្រជុំ​ផ្សព្វផ្សាយ​អំពី​កិច្ចដំណើរការ​កំណត់​និយាម​កា​សម្រាប់​បោះបង្គោល​ព្រំ​តំបន់​កាត់​ឆ្វៀល ជំហាន​ទី​២ ខេត្តពោធិ៍សាត់​

​នៅ​ថ្ងៃ​សុក្រ ២​រោច ខែ​ទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវ​នឹង​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២៦ ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ​អាជ្ញាធ​រ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​មន្ត្រី​បច្ចេកទេស​អាជ្ញាធរ​ទន្លេ​សាប ដែលមាន​ការចូលរួម​ពី​អាជ្ញាធរ​ដែនដី​ស្រុក ឃុំ ភូមិ សហគមន៍ មន្ទីរ​ពាក់ព័ន្ធ និង​កងកម្លាំង ប្រជុំ​ផ្សព្វផ្សាយ​អំពី​កិច្ចដំណើរការ​កំណត់​និយាម​កា​សម្រាប់​បោះបង្គោល​ព្រំ​តំបន់​កាត់​ឆ្វៀល ជំហាន​ទី​២ ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ស្រុក​បាកាន និង​ផ្នែក​ខ្លះ​នៃ​ស្រុក​កណ្តៀង​ខេត្តពោធិ៍សាត់ ចំនួន ៦៥០​បង្គោល បន្ត​ពី​ជំហាន​ទី​១ ដែល​បាន​បោះ​រួច​ចំនួន ៦៥០​បង្គោល នៃ​ផែន​ការសរុប​ដែល​បានគ្រោង​សម្រាប់​ខេត្តពោធិ៍សាត់​ក្នុង​ឆ្នាំ​២០២៦ ចំនួន ១៣០០​បង្គោល ។​
​ជាមួយគ្នា​នោះដែរ ក្រុមការងារ​ក៏បាន​បន្ត​ចុះ​អនុវត្ត​ភារកិច្ច និង​ការណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប ពិនិត្យមើល​ស្ថានភាព​ព្រៃ​លិច​ទឹក​ក្នុង​តំបន់​៣ បន្ទាត់​ព្រំ​តំបន់​៣ ដែល​ត្រូវការពារ និង​ទីតាំង​ដែល​ប្រជាពលរដ្ឋ​បាន​ជីក​កាយ​ស្តារ​ប្រឡាយ​នៅ ចន្លោះ​បង្គោលព្រំ​តំបន់​៣ លេខ 439-440 សម្រាប់​រក្សា​ទឹក​ស្រោចស្រប់​ស្រែ​ក្នុង​តំបន់​២​ក្បែរ​នោះ ដែល​រាជរដ្ឋាភិបាល​បាន​កាត់​ឆ្វៀល​ជូន​កន្លងមក ។​
​ជារួម ទោះ​មាន​ស្រែ​ពលរដ្ឋ​លយ​ចូល​ហួស​ព្រំ​ខ្លះ តែ​សមត្ថកិច្ច​ពាក់ព័ន្ធ កងកម្លាំង អាជ្ញាធរ​ដែនដី បាន​យកចិត្តទុកដាក់​ទប់ស្កាត់ ការបន្ត​ចូល​បំពាន​ព្រៃ​លិច​ទឹក ហើយ​ប្រជាពលរដ្ឋ​មានការ​យល់ដឹង និង​បាន​ប្តេជ្ញា​សហការ​ចូលរួម​ការពា​រ ថែរក្សា អភិរក្ស​ធនធានធម្មជាតិ​បឹង​ទន្លេសាប​ឱ្យមាន​និរន្តរភាព​សម្រាប់​កូនចៅ​ត​ជំនាន់ ៕

ព័ត៌មាន និងព្រឹត្តិការណ៍