នាថ្ងៃចន្ទ ១រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ លោកស្រី ទេស សុដាវី អនុប្រធាននាយកដ្ឋានរដ្ឋបាល ផែនការ និងសហប្រតិបត្តិការ បានដឹកនាំក្រុមការងារយេនឌ័ររបស់អាជ្ញាធរទន្លេសាប បន្តចុះលើកកម្ពស់ការយល់ដឹងយេនឌ័រ និងកសាងសមត្ថភាពស្ត្រី លើការការពារ ថែរក្សា ទប់ស្កាត់ និងគ្រប់គ្រងនៅតំបន់ទន្លេសាប ស្ថិតនៅស្រុកសង្កែ ខេត្តបាត់ដំបង។ គោលបំណងនៃការចុះអនុវត្តសកម្មភាពនេះ៖
- ផ្សព្វផ្សាយ ពីសារៈសំខាន់នៃធនធានធម្មជាតិ ការអភិរក្សធនធានធម្មជាតិ
- រួមបញ្ចូល GEDSI ការពារ ទប់ស្កាត់បទល្មើសខុសច្បាប់ក្នុងការអភិរក្សធនធានធម្មជាតិ
- ជំរុញលើកទឹកចិត្ត និងឱ្យតម្លៃលើការងារ តួនាទី ភារកិច្ចរបស់ស្ត្រី និងបរិយាបន្នសង្គម
- បង្កើនការយល់ដឹងពីការបម្រែបម្រួលអាកាសធាតុ និងផលប៉ះពាល់លើធនធានធម្មជាតិ បរិស្ថាន និងសេដ្ឋកិច្ច-សង្គម
- ពង្រឹង និងពង្រីកពីការយល់ដឹងយេនឌ័រ លើការគ្រប់គ្រងកាកសំណល់រឹង-រាវ ការបំពុលបរិស្ថាន និងការថយចុះធនធានជលផល
- ជំរុញការចូលរួមយ៉ាងសកម្មពីស្ត្រី និងគ្រប់ភាគី ដើម្បីការពារ ទប់ស្កាត់ ថែរក្សាធនធានធម្មជាតិ និងបរិស្ថាន ដើម្បីធានាបាននូវប្រសិទ្ធភាព សម្រាប់ទ្រទ្រង់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កម្ពុជា និងសេដ្ឋកិច្ចជាតិ ក្នុងពេលបច្ចុប្បន្ន និងអនាគតសម្រាប់អ្នកជំនាន់ក្រោយ។
សូមជម្រាបជូនថា ក្រុមការងារបានចុះស្វែងយល់ដោយផ្ទាល់ពីអាជ្ញាធរមូលដ្ឋាន ដែលស្ថិតនៅក្នុងស្រុកសង្កែ ខេត្តបាត់ដំបង បានលើកកម្ពស់ការយល់ដឹងយេនឌ័រពីសិទ្ធិ និងតួនាទីស្ត្រី និងបរិយាបន្នសង្គមក្នុងការចូលរួមមិនរើសអើងប្រកបដោយសមភាព និងសមធម៌ លើការពារ ថែរក្សា ទប់ស្កាត់ និងគ្រប់គ្រងធនធានធម្មជាតិ នៅតំបន់បឹងទន្លេសាបឱ្យមាននិរន្តរភាព៕







